ព័ត៌មានជាតិ

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ដំណាក់កាលទី១ មានក្រុមហ៊ុនចុះបញ្ជីជាង៧ពាន់ និងមានទុនជិត៣ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ មានក្រុមហ៊ុនចុះបញ្ជីអាជីវកម្មចំនួន៧ ៧១៥ និងមានដើមទុនសរុប ជិត៣ពាន់លានដុល្លារ។

ក្នុងពិធីប្រកាសដាក់ដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ ដោយទទួលបានការចាប់អារម្មណ៍ និងសាទរខ្ពស់ពីវិស័យឯកជន។

លោកបានបញ្ជាក់ថា «ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម បានដំណើរការឥតដាច់ និងបានអនុញ្ញាតឲ្យធុរជនអាចធ្វើការស្នើសុំការចុះបញ្ជីអាជីវកម្មគ្រប់ពេលវេលា និងទីកន្លែង ហើយគិតត្រឹមថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២១ ក្រុមហ៊ុន ដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ មានចំនួនសរុបដល់ទៅ៧ ៧១៥ និងមានដើមទុនសរុបស្មើជិត ៣ពាន់លានដុល្លារអាមេរិក»។

ផ្ទាំងពាណិជ្ជកម្ម

លោកបានរៀបរាប់ថា វិស័យ ៥ ដែលមានទំហំដើមទុនធំជាងគេ រួមមាន ៖ ទី១-សំណង់ មានចំនួន២៥.៣២% ,ទី២-អាហរ័ណ នីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រ យានយន្តគ្រប់ប្រភេទ មានចំនួន១៦.៤៤% ,ទី៣-សកម្មភាពអចលនវត្ថុ មានចំនួន ១៥.៥៣% ,ទី៤-កម្មន្តសាល មានចំនួន១៤.៣% និងទី៥-សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង មានចំនួន៨.២២%។

នាឱកាសនោះដែរ លោករដ្ឋមន្ដ្រីសេដ្ឋកិច្ច ក៏បានលើកឡើងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នេះ ក៏បានឆ្លើយតបយ៉ាងលឿន ក្នុងការចូលរួមអនុវត្តនូវក្របខណ្ឌគោលនយោបាយនេះ ដើម្បីទាញ យកប្រយោជន៍ពី បច្ចេកវិទ្យាឌីជីថល ជាពិសេស ក្នុងបរិបទនៃការរីករាលដាលដោយជំងឺកូវីដ-១៩ ដែលតម្រូវឲ្យត្រូវកាត់បន្ថយការជួបគ្នាផ្ទាល់ជាអតិបរមា។

លោកបានបន្ដថា ប្រព័ន្ធនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សានិរន្តរភាពសកម្មភាពសេដ្ឋកិច្ច ក្នុងបរិការណ៍នៃវិបត្តិនៃជំងឺកូវីដ-១៩។ ជាក់ស្ដែង នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មន្ត្រី បុគ្គលិក-និយោជិត ត្រូវបានអនុញ្ញាតឲ្យធ្វើការងារពីផ្ទះ ហើយការធ្វើ ដំណើររបស់ប្រជាជនក៏ត្រូវបានរឹតត្បិត ផងដែរ៕

To Top
×