ព័ត៌មានជាតិ

ទូតកម្ពុជា ប្រចាំអូស្ដ្រាលី ប្រាប់ពលរដ្ឋខ្មែរ ប្រយ័ត្នការជ្រើសរើសពលករ ទៅធ្វើការនៅអូស្ដ្រាលី

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ដ្រាលី បានស្នើប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្ន រាល់ព័ត៌មានជ្រើសរើសពលករ ទៅធ្វើការនៅអូស្ដ្រាលី ក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី។

ថ្មីៗនេះ មានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមថា ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុល ផ្តល់ព័ត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិត ក្នុងចេតនា បោកប្រាស់ជ្រើសរើសពលករខ្មែរ មកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី (Australian Agriculture Visa) របស់អូស្ត្រាលី។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ដ្រាលី នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីជៀសវាងការចាញ់ បោកជនខិលខូចឆ្លៀតឱកាស ក្រសួងការបរទេសមហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី កំពុងពិភាក្សានៅឡើយ លើការរៀបចំគម្រោងទិដ្ឋាការ «កសិកម្មថ្មី» ជាមួយនឹងការកំណត់លក្ខខ័ណ្ឌផ្សេងៗ ក្នុងការទទួលបានទិដ្ឋាការនេះ។

ស្ថានទូតបញ្ជាក់ជាថ្មីថា «មកទល់ពេលនេះ គម្រោងទិដ្ឋាការកសិកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយរដ្ឋាភិបាលអូស្ត្រាលី នៅពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការប្រភេទនេះជូនកម្ពុជា ឬប្រទេសណាមួយនៅឡើយទេ។ ហេតុនេះ ស្ថានទូតស្នើបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយ ព័ត៌មានពីការជ្រើសរើស និងការបញ្ជូនពលករខ្មែរ មកធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស បុគ្គលឬអង្គភាពណាមួយ»៕

To Top