នយោបាយ

ខួប៤ឆ្នាំ នៃការចាប់ខ្លួនលោក កឹម សុខា លោក មុត ចន្ថា សង្ឃឹមថា អាចបញ្ចប់តាមផ្លូវតុលាការ ដោយផ្អែកតាមស្មារតីផ្សះផ្សារ និងបង្រួបបង្រួមជាតិ

ភ្នំពេញ ៖ នៅថ្ងៃស្អែកជាថ្ងៃខួប ៤ឆ្នាំ (៣.៩.២០១៧ – ៣.៩.២០២១) ដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួន។ ក្នុងឱកាស នៃការចាប់ខ្លួនគម្រប់៤ឆ្នាំនេះ លោកមុត ចន្ថា ជាមនុស្សជំនិតលោក កឹម សុខា បានបង្ហាញក្តីសង្ឃឹមថា សំណុំរឿងក្តីលោក កឹម សុខា នឹងអាចបញ្ចប់ទៅតាមផ្លូវតុលាការ ដោយផ្អែកតាមស្មារតីផ្សះផ្សារ និងបង្រួបបង្រួមជាតិ ។

រឿងក្តីលោក កឹម សុខា ត្រូវបានតុលាការលើកមកជំនុំជម្រះ ចាប់ពីខែមករា ដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ប៉ុន្តែសវនការត្រូវបានផ្អាក នៅក្រោយការផ្ទុះជំងឺរាតត្បាតកូវីដ-១៩។ ក្រុមមេធាវីការពារក្តីធ្លាប់បានដាក់សំណើទៅតុលាការជាច្រើនលើក រួមទាំងលិខិតស្នើសុំអន្តរាគមន៍ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំបន្តសវនការឡើងវិញ ប៉ុន្តែតុលាការនៅតែមិនបើកសវនការ ដោយលើកហេតុផលពីស្ថានភាពកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា នាថ្ងៃ២ សីហា។

លោកបន្តថា “ខ្ញុំយល់ថា តុលាការគួរពិចារណា បើកសវនការលើសំណុំរឿងរបស់ឯកឧត្តម កឹម សុខាឡើងវិញ ចៀសវាងការពន្យាពេលដោយគ្មានពេលកំណត់ ព្រោះថា កាលណាយុត្តិធម៌ត្រូវបានពន្យាពេល ពេលនោះយុត្តិធម៌ត្រូវបានបដិសេធសម្រាប់ ឯកឧត្តម កឹម សុខា ផងដែរ។ ខ្ញុំសង្ឃឹមថា ករណីរបស់ ឯកឧត្តម កឹម សុខា អាចត្រូវបានបញ្ចប់តាមផ្លូវតុលាការ ដោយផ្អែកតាមស្មារតីផ្សះផ្សារនិងបង្រួបបង្រួមជាតិរវាង ខ្មែរ និង ខ្មែរ” ។

លោកបង្ហាញការជឿជាក់ថា លោក កឹម សុខា មានឆន្ទៈសុចរិតប្រាថ្នា ចង់បាននូវឯកភាពជាតិ ។ ក្នុងរយៈពេល៤ឆ្នាំនេះ លោក កឹម សុខាតែងតែគោរព និងបដិបត្តិច្បាប់ និងបទបញ្ជារបស់តុលាការយ៉ាងខ្ជាប់ខ្ជួន ។

លោក មុត ចន្ថា ថា ចាប់តាំងពីលោក កឹម សុខា ទទួលបានការបន្ធូបន្ថយលក្ខខណ្ឌនៃការដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅខែវិច្ឆិកា ឆ្នាំ២០១៩ លោកបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ សង្គមកិច្ច សាសនា បរិស្ថាន ហើយចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៃកូវីដ-១៩ ព្រមទាំងសកម្មភាពការទូត ដើម្បីស្វែងរកការគាំទ្រ និងជំនួយដល់ការអភិវឌ្ឍជាតិ ។

លោកសង្កត់ធ្ងន់ថា ក្នុងរយៈពេល៤ឆ្នាំមកនេះ លោក កឹម សុខា ក៏បានទទួលរងការមាក់ងាយ ប្រមាថ ចោទប្រកាន់ លាបពណ៌ និងការមួលបង្កាច់គ្រប់យ៉ាងដោយអយុត្តធម៌ពីសំណាក់អតីតដៃគូនយោបាយ និងគូនកន។ លោកថា ក្នុងនោះលោក សម រង្ស៉ី ក៏បានថ្លែងថា គាត់មិននៅឲ្យគេចាប់ដាក់គុកអត់បានការ និងអត់ប្រយោជន៍ដូចលោក កឹម សុខា ឬត្រូវបានគេសម្លាប់ចោល ដូចលោកបណ្ឌិត កែម ឡី នោះទេ។ កូនចៅរបស់លោក សម រង្ស៉ី មានឋានៈ ជាអតីតសមាជិកព្រឹទ្ធសភានិងរដ្ឋសភា បានចោទលោក កឹម សុខា ថា «ស៊ីឈ្នួលជាប់គុក» ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្ដាល យប់នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពេលលោកកំពុងស្នាក់នៅផ្ទះ ខណ្ឌទួលគោក។ តុលាការបានចោទប្រកាន់លោកពីបទ ត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយបានឃុំខ្លួនជាង១ឆ្នាំ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ៕

To Top