ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ៦ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។
បន្តសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ៦ ខាងមុនេះ មានរបៀបវារៈដូចខាងក្រោម៖
១- ការបោះឆ្នោតជ្រើសតាំង លោក ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។
២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង។
៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣, មាត្រា១៣៨, មាត្រា១៦២, មាត្រា៣០០, មាត្រា៣៤៣, មាត្រា៣៥០, មាត្រា៣៦៣ និងមាត្រា៣៦៧ នៃ ច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។
៧- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
៨- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់៕