ព័ត៌មានជាតិ

ក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពកែសម្រួលអត្រាភាគទានផ្នែកថែទាំសុខភាពនៃប.ស.ស.

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាព កែសម្រួលអត្រាភាគទាន ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដែលបានសម្រេចបង្កើតឡើងដោយប្រធានក្រុមប្រឹក្សាភិបាល នៃប.ស.ស. ចុះថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១កន្លងទៅ នារសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើកដំបូងរបស់ខ្លួនតាមរយៈ ប្រព័ន្ធវីដេអូ(Zoom Meeting) ដែលបានរៀបចំឡើង នៅសាលប្រជុំប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ។

កិច្ចប្រជុំពិភាក្សាខាងលើនេះ ផ្តោតទៅលើចំណុចសំខាន់ៗរួមមានដូចខាងក្រោម៖

– សិក្សាស្រាវជ្រាវ និងកំណត់កញ្ចប់ថ្លៃចំណាយ ព្យាបាលនិងថែទាំវេជ្ជសាស្រ្ត

– សិក្សាស្រាវជ្រាវ និងកំណត់កញ្ចប់ថ្លៃសេវា បង្ការសុខភាពចំពោះជំងឺកូវីដ-១៩

– រៀបចំទិន្នន័យ តាវកាលិកសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់ដំណើរការ វិភាគហានិភ័យហិរញ្ញវត្ថុ

– សិក្សាស្រាវជ្រាវ និងវិភាគបញ្ហាឱនភាពថវិកា ផ្នែកថែទាំសុខភាពធៀបនឹងអត្រាភាគទាន នាពេលបច្ចុប្បន្ន

– កំណត់បញ្ហាអាទិភាព ដើម្បីធ្វើការកែសម្រួល អត្រាភាគទានផ្នែកថែទាំសុខភាព

– កំណត់ចំនួនអត្រាភាគទាន ដែលត្រូវស្នើសុំកែសម្រួល។

សូមបញ្ជាក់ថា ក្រុមការងារសិក្សាលទ្ធភាព កែសម្រួលអត្រាភាគទានផ្នែកថែទាំសុខភាព សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ” ត្រូវបានបង្កើតឡើង ដើម្បីពិនិត្យលទ្ធភាព កែសម្រួលកញ្ចប់តាវកាលិកថែទាំសុខភាព សម្រាប់សមាជិក ប.ស.ស. ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានភាពសមស្រប នឹងអត្រាភាគទានដែលត្រូវកែសម្រួល ដែលមានសមាសភាព មកពីតំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា សរុបចំនួន១៥រូប៕

To Top