ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗថា រាល់សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាស របស់សហមេធាវី ដែលជាតំណាងស្របច្បាប់ គឺជាឆន្ទៈរបស់លោក។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោក កឹម សុខា បានលើកឡើងថា «ដោយសង្កេតឃើញថា មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះ នៅតែយកឈ្មោះ និង រូបភាពខ្ញុំ ទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹង សកម្មភាពដើម្បីបម្រើផលប្រយោជន៍ និងមហិច្ឆិតារបស់ពួកគេ ដូច្នេះខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាស របស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំ កន្លងមក គឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ» ។
សូមរំលឹកថា យោងតាមសេចក្ដីថ្លែងការណ៍ របស់ សហមេធាវីការពារសិទ្ធ របស់លោក កឹម សុខា បានបញ្ជាក់ថា បុគ្គល ឬក្រុមណាមួយ ដែលមានបំណងបង្កើត ឬបានកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកឈ្មោះ និង រូបភាពលោក កឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា បុគ្គលឬក្រុមណាមួយ ដែលធ្វើកិច្ចការខាងលើ សូមមានសេចក្ដីក្លាហាន ទទួលខុសត្រូវ ដោយខ្លួនឯង៕




