ភ្នំពេញ៖ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានាបច្ចុប្បន្ននេះ មានភាពធូរស្រាល ជាងមុនហើយ ដូច្នេះការបើកដំណើរការនូវសាលារៀនឡើងវិញ គឺជាការសម្រេចចិត្ដ មួយដ៏ល្អត្រឹមត្រូវ។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំ ការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី លី អាយឡានបានលើកនូវហេតុផល ចំនួន៣ចំណុច៖
១/ សិស្សានុសិស្ស ឬសាលារៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ
២/ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ដ និងចំណេះដឹង
៣/ គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្ដែអ្វីដែលយើងធ្វើបាន គឺការកាត់បន្ថយហានិភ័យ ឱ្យបានតិចបំផុត ។ ដូច្នេះហើយការបើកសាលារៀនឡើងវិញ គឺអាចឋិតនៅលើការគ្រប់គ្រងរបស់យើងបាន ដោយការដាក់បញ្ជូលវិធានការទាំងឡាយ ដែលយើងធ្លាប់ អនុវត្ដកន្លងមក។
លោកស្រី បញ្ជាក់ថា «ជាការពិតណាស់ វិធានការ ៣ការពារ ៣កុំ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ឱ្យប្រជាពលរដ្ឋអនុវត្ដ ដើម្បីឱ្យចៀសផុត ពីការចម្លងមេរោគកូវីដ១៩នេះ គឺនៅតែមានប្រសិទ្ធភាព។ ដូច្នេះពេលបើកដំណើរការ សាលារៀនឡើងវិញនេះ គឺត្រូវតែអនុវត្ដវិធានការនេះ ឱ្យបានល្អបំផុត ដោយត្រូវមានវិធានការ និងការឆ្លើយតប។ ជាការពិតណាស់ ការផ្ទុះរាតត្បាតនឹងអាចកើតមានឡើង ពេលបើកសាលារៀនឡើងវិញ ប៉ុន្ដែបើយើងមានប្រព័ន្ធក្នុងការរុករក ក្នុងករណីសង្ស័យ ហើយឆ្លើយតបទាន់ពេលវេលានោះ យើងនឹងអាចកាត់បន្ថយ នូវហានិភ័យនេះ»។
លោកស្រីបន្ដថា «បច្ចុប្បន្ននេះយើងឃើញថា ស្ថានភាពទូទៅមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានវិធានការសុខាភិបាល, យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានដំណើរការល្អ និងការបង្កើនសមត្ថភាព នៃការគ្រប់គ្រង ព្យាបាលអ្នកជំងឺកូវីដ១៩។ ប៉ុន្ដែទោះបីជាស្ថានភាពបច្ចុប្បន្ន នៃការជំងឺកូវីដ១៩ នៅកម្ពុជា មានភាពធូរស្រាលក៏ដោយ ក៏យើងមិនត្រូវបន្ថូរបន្ថយ ការអនុវត្ដនូវវិធានការ ៣ការពារ ៣កុំនោះទេ»។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ បានថ្លែងបន្ដថា «ខ្ញុំមានការប្រាកដក្នុងចិត្ដថា ស្ថាប័ន អាជីវកម្ម ឬមុខរបបផ្សេងៗរួមទាំងទេសចរណ៍ ក៏ចង់បើកដំណើរការឡើងវិញ ដូច្នេះយើងគួរតែរៀនសូត្រ ពីបទពិសោធន៍ល្អៗនៃការបើកសាលារៀននេះ ដើម្បីទុកជាគំរូ ពេលបើកដំណើរការអ្វីមួយនៅពេលខាងមុខនេះ»។
ជាមួយគ្នានោះ លោកស្រី លី អាយឡាន ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរសម្រាប់កម្ពុជា ដែលស្ថានភាពកូវីដ១៩ នាពេលបច្ចុប្បន្ននេះ បានត្រលប់មកភាពល្អប្រសើរឡើងវិញ តែទោះបីជាយ៉ាងក៏ដោយ ការងាររបស់យើងមិនទាន់បញ្ចប់ នៅឡើយទេ ហានិភ័យនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ បណ្ដាលមកពីមេរោគបប្លែងថ្មីដែលតា និងមេរោគបប្លែងថ្មីផ្សេងទៀត នៅតែបន្ដកើតមាន ដូច្នេះសូមបន្ដអនុវត្ដ នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការបង្កើនសមត្ថភាពក្នុងការគ្រប់គ្រង ព្យាបាលអ្នកជំងឺកូវីដ១៩នេះ។ ជាងនេះទៅទៀត ត្រូវចាប់ផ្ដើមគិតគូររៀបចំឱ្យរួចជាស្រេចមុន នឹងអ្វីៗកើតឡើង ពេលត្រៀមក្នុងការបើកដំណើរឡើងវិញនូវ ស្ថាប័នផ្សេងៗនៅពេលថ្ងៃមុខ៕