ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបម្រុងពូជស្រូវ និងពូជដំណាំរួមផ្សំ សម្រាប់សង្គ្រោះកសិករ ខូចខាតដោយធម្មជាតិ

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រាជរដ្ឋាភិបាលត្រៀមបម្រុង គ្រាប់ពូជស្រូវ ចំនួន២ ០០០តោន និងពូជដំណាំរួមផ្សំទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ។

តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា ដោយសារប្រទេសជាតិមានសុខ សន្តិភាព ក្រសួងកសិកម្ម បានខិតខំអភិវឌ្ឍលើគ្រប់អនុវិស័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ។

លោកបានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យកសិកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅទស្សវត្សចុងក្រោយនេះ តែទោះជាយ៉ាងណា វិស័យមួយនេះក៏កំពុងជួបបញ្ហាសំខាន់ៗមួយចំនួន ជាពិសេស គ្រោះធម្មជាតិ ដែលតែងតែបំផ្លាញផលដំណាំរបស់ ប្រជាកសិកររៀងរាល់ឆ្នាំ ដូចជា ៖ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជំងឺឆ្លងដំណាំ និងសមាសភាពសត្វល្អិតចង្រៃបំផ្លាញផលដំណាំ។

លោកបានបញ្ជាក់ថា «ជាក់ស្តែង នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្ត ចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោន»។

លោកបានបន្ថែមថា ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម ផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សា និងចាត់ចែងដឹក ជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឲ្យបានទាន់ពេលវេលា។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវ បានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ ចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។ បានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០កញ្ចប់ ក្នុងនោះ ៖ ពោតដំណើប សណ្តែកកួរ ផ្ទីស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់បានរក្សាទុកនៅស្ថានីយផលិតពូជបន្លែក្បាល កោះ (ខេត្តកណ្តាល)៕

To Top