ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom)។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក អ៊ិត សំហេង បានលើកឡើងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគីក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូល រួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។





លោក រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទោះបីជា យន្តការត្រីភាគីនេះទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស។

យោងតាម អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងរបាយការណ៍ស្តីពី “ប្រាក់ឈ្នួលនៅលើពិភពលោក ឆ្នាំ២០២០-២០២១” បានផ្តល់អនុសាសន៍ថា ៖ «ការកែសម្រួលប្រាក់ឈ្នួលទាមទារឲ្យមានការរក្សាតុល្យភាព និងធានាដល់ការរក្សាបានការងារ និងស្ថេរភាពរបស់រោងចក្រសហគ្រាស និងរក្សាបាននូវប្រាក់ចំណូលសម្រាប់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ»។ ហេតុដូច្នេះ ការពិចារណាលើអនុសាសន៍របស់ ILO ជាការចាំបាច់ដើម្បីរក្សាការងាររបស់កម្មករ និងការបង្កើតឱកាសការងារដល់យុវជន ដែលដល់អាយុនឹងចូលទីផ្សារការងារ ពីព្រោះការបញ្ចប់វិបត្តិកូវីដ-១៩ នៅពេលអនាគតខាងមុខ មិនទាន់មានពន្លឺនៅឡើយ ស្របពេល មានការផ្ទុះឡើងជាបន្តបន្ទាប់នូវវីរុស បំប្លែងខ្លួនថ្មី ដែលនាំឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការចម្លង។

គួររឭកជូនផងដែរថា ចាប់ពីឆ្នាំ២០១៩ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា(ក.ជ.ប.អ) ដែលជាយន្តការត្រីភាគី ដែលមានសំឡេងស្មើៗគ្នា ពីគ្រប់ភាគី (១៧-១៧-១៧) ត្រូវបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។ ជាលទ្ធផល កាលពីអាណត្តិទី១ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំចំនួន២០លើក នៅក្នុងឆ្នាំ២០១៩ និងចំនួន១១លើក នៅក្នុងឆ្នាំ២០២០ ដោយបានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ ចំនួន១៩០ដុល្លារអាម៉េរិក/ខែ និងឆ្នាំ២០២១ ចំនួន ១៩២ដុល្លារអាម៉េរិក/ខែ។ ដូចនេះនៅក្នុងឆ្នាំ២០២១ ប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២០៩ ទៅ ២២០ដុល្លារអាម៉េរិកក្នុងមួយខែ។ ទោះបីជាយ៉ាងណាក៏ដោយការ តំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ នៅកម្ពុជាធ្វើឡើងនៅពេលដែលសាកលលោកកំពុងជួបវិបត្តិ នៃជំងឺកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងផ្សេងទៀតមិនមានការប្រែប្រួល ប្រាក់ឈ្នួលអប្បបរមានោះទេ។

ជាចុងក្រោយលោករដ្ឋមន្រ្តីបានកំណត់ថ្ងៃទី១៤ ទី២១ និងទី២៨ ខែកញ្ញា សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមរយៈប្រព័ន្ធអនឡាញ ស្របតាមសំណូមពរ និងស្ថានភាពជាក់ស្តែងនៃសមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើយ៉ាងណាត្រូវបញ្ចប់កិច្ចប្រជុំមុនពិធីបុណ្យភ្ជុំបិណ្ឌនៅពេលខាងមុខ។

