ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអគ្គនាយកដ្ឋានកៅស៊ូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ផ្តល់ជំនួយឥតសំណង ចំនួន១,៥លានអឺរ៉ូ ដើម្បីគាំទ្រ ដល់គម្រោងថ្នាក់តំបន់ ស្តីពីការព្យាករផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាន នៃកម្លាំងពលកម្ម លើខ្សែច្រវ៉ាក់ផលិតកម្ម កៅស៊ូធម្មជាតិ នៅអាស៊ីអាគ្នេយ៍។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា នាថ្ងៃទី៧ កញ្ញា នេះបាន ឱ្យ ដឹង ថា «ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី កម្ពុជា ភូមា ឡាវ និងហ្វ៊ីលីពីន) ផលិតកៅស៊ូធម្មជាតិ៧៣% ក្នុងចំណោមកៅស៊ូធម្មជាតិទាំងអស់ នៅលើពិភពលោក។ ប៉ុន្តែការដាំដុះកំពុងរងគ្រោះ ដោយកត្តាធំៗពីរយ៉ាងគឺ៖ ការឡើងកម្តៅអាកាសធាតុ ដែលអាចប៉ះពាល់ ដល់លក្ខខណ្ឌនៃការដំាដុះ និងការថយចុះកម្លាំងពលកម្ម ក្នុងវិស័យនេះ»។
ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានសម្រេចគាំទ្រ ដល់គម្រោងថ្នាក់តំបន់មួយ ស្តីពីការព្យាករផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាន នៃកម្លាំងពលកម្មលើខ្សែច្រវ៉ាក់ ផលិតកម្មកៅស៊ូធម្មជាតិ នៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា FORSEA តាមរយៈការផ្តល់ជំនួយឥតសំណង ចំនួន១,៥លានអឺរ៉ូ ដល់មជ្ឈមណ្ឌល សហប្រតិបត្តិការអន្តរជាតិ ស្រាវជ្រាវក្សេត្រសាស្រ្ត សម្រាប់ការអភិវឌ្ឍ (CIRAD)។
គម្រោងខាងលើនឹងត្រូវដាក់ ឱ្យដំណើរការនៅប្រទេសកម្ពុជា ដោយរួមសហការជាមួយ អគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវ កៅស៊ូកម្ពុជា ព្រមទាំង នៅប្រទេសថៃ និងវៀតណាម ផងដែរ។ គម្រោងនេះ មានគោលដៅរួមចំណែក ជួយដល់ប្រទេសទាំងនេះទប់ទល់ ទៅនឹងបញ្ហាប្រឈម ក្នុងវិស័យកៅស៊ូ ដោយផ្តល់ព័ត៌មាន អំពីផលវិបាក (ផ្នែកបច្ចេកទេស សង្គម និងសេដ្ឋកិច្ច) នៃការផ្លាស់ប្តូរទាំងនេះ និងដោយបញ្ជាក់ច្បាស់ អំពីដំណោះស្រាយនានា ដើម្បីធ្វើការបន្ស៊ាំឱ្យកាន់តែ មានប្រសិទ្ធភាព។ ទិន្នន័យទាំងអស់នឹងត្រូវចែករំលែក ជាមួយតួអង្គសំខាន់ៗ គ្រប់កម្រិតនៃវិស័យកៅស៊ូ។
ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍផ្តល់ការគាំទ្រ ដល់វិស័យកៅស៊ូនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ ដោយដំបូងឡើយ ជួយលើការដាំដុះកៅស៊ូ ជាលក្ខណៈគ្រួសារ ដែលជាការជួយ ដល់អាជីវកម្មខ្នាតតូចៗ។ បច្ចុប្បន្ន ការជួយជ្រោមជ្រែងនេះ ត្រូវបានពង្រីក ហើយទីភ្នាក់ងារ AFD ក៏ផ្តល់ការគាំទ្រផងដែរ ដល់គម្រោងផលិតកម្មកៅស៊ូ ប្រកបដោយចីរភាព ដែលត្រូវបានដាក់ឱ្យអនុវត្ត ដោយអង្គការ WWF និងគម្រោងពង្រឹងផលិតភាព និងគុណភាពវិស័យកៅស៊ូ ដោយរួមសហការ ជាមួយអគ្គនាយកដ្ឋានកៅស៊ូ។ ទីភ្នាក់ងារ AFD នឹងបន្តផ្តល់ការគាំទ្រ ដល់វិស័យនេះ សម្រាប់ឆ្នាំខាងមុខៗទៀត។
នាឱកាសនោះ លោកស្រី អូហ្វេលី បួរីស (Ophelie BOURHIS) នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា បានមានប្រសាសន៍ថា «យើងមានក្តីសោមនស្សរីករាយ ដែលអាចបន្តជួយគាំទ្រ ដល់វិស័យកៅស៊ូនៅកម្ពុជា។ គម្រោងនេះស្ថិតក្នុងក្របខ័ណ្ឌ នៃការបន្តផ្តល់ហិរញ្ញប្បទាន ក្នុងវិស័យអន្តរាគមន៍ ជាយូរមកហើយ របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ។ បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែង ក្នុងការបន្ស៊ាំវិស័យកៅស៊ូ ទៅនឹងអាកាសធាតុ គឺមានសារសំខាន់ ដោយសារប្រជាពលរដ្ឋ នៅជនបទជាច្រើនទទួលបាន ចំណូលពីវិស័យនេះ។ ម៉្យាងទៀត គម្រោងនេះផ្តល់ឱកាស ឲ្យយើងបន្តកិច្ចសហការ ប្រកបដោយគុណភាព ជាមួយមជ្ឈមណ្ឌល CIRAD ដែលជាដៃគូដ៏យូរលង់ណាស់ មកហើយរបស់ទីភ្នាក់ងារ AFD នៅក្នុងគម្រោងផ្តល់ការគាំទ្រ ដល់ប្រព័ន្ធដាំដុះដំណាំកៅស៊ូ»។
ដោយឡែក លោក ហ៊ឹម អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកៅស៊ូនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបានចូលរួមចំណែក យ៉ាងច្រើនក្នុងការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាព អ្នកដាំដំណាំកៅស៊ូ នៅតាមទីជនបទ។ សមិទ្ធផលទាំងនេះ អាចសម្រេចបានអាស្រ័យ ដោយមានការគាំទ្រ ពីទីភ្នាក់ងារ AFD ជាដៃគូអភិវឌ្ឍតែមួយគត់ ដែលបានគាំទ្រ វិស័យកៅស៊ូនៅកម្ពុជា ក្នុងអំឡុង២០ឆ្នាំចុងក្រោយនេះ»។
ចំណែកលោក អេរីក ហ្គោអេ អ្នកសម្របសម្រួល មជ្ឈមណ្ឌល CIRAD នៃគម្រោង FORSEA វិញ បានគូសបញ្ជាក់ថា តាំងពីយូរណាស់មកហើយ មជ្ឈមណ្ឌល CIRAD បានចូលរួមចំណែក ក្នុងសកម្មភាពសំខាន់ៗ របស់ទីភ្នាក់ងារ AFD ពាក់ព័ន្ធនឹងវិស័យកៅស៊ូនៅកម្ពុជា។ ជាមួយគម្រោង FORSEA មជ្ឈមណ្ឌល CIRAD នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបំពេញការងារ ដើម្បីលើកស្ទួយជីវភាព ផលិតករកៅស៊ូ នៅអាស៊ីអាគ្នេយ៍ រួមជាមួយនឹងទីភ្នាក់ងារ AFD និងដៃគូបារាំងនានា ដែលបំពេញការងារ លើការស្រាវជ្រាវ និងអភិវឌ្ឍដំណាំកៅស៊ូ ជាពិសេសនៅកម្ពុជា ក៏ដូចជាធានានូវនិរន្តរភាព នៃវិស័យនេះផងដែរ៕