ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត ក្នុងតំបន់អាស៊ាន រយៈពេល៦ពីថ្ងៃទី១០-១៥ កញ្ញា។ នេះបើយោងតាម ការចេញផ្សាយ របស់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃ៧ កញ្ញា ដែលបានដកស្រងចេញ ពីទូរទស្សន៍រដ្ឋចិន CGTN ។
គម្រោងទស្សនកិច្ច របស់លោក វ៉ាង យី ក្រៅពីមកកម្ពុជាហើយ លោកក៏ចូលទៅវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងដែរ។
ការគ្រោងបំពេញទស្សនកិច្ច របស់លោករដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជានេះ ក្រោយពីលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក បានធ្វើដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបានចូលទស្សកិច្ច តែក្នុង២ប្រទេសទេ គឺសិង្ហបុរី និងវៀតណាម កាលពីថ្ងៃទី២១ សីហា កន្លងមកថ្មីៗនេះ។
លោកស្រី Kamala Harris មកកាន់សិង្ហបុរី និងវៀតណាមនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមតេសំភាសន៍ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ សួរពីគម្រោងធ្វើដំណើរ របស់លោក វ៉ាង យី ប៉ុន្តែលោកមិនទទួលទូរស័ព្ទ៕