ភ្នំពេញ ៖ គណៈសង្ឃនាយកនៃកម្ពុជា បានស្នើប្រគេនដល់ព្រះមេគណ ព្រះគ្រូអនុគណ និង ព្រះចៅអធិការ ចំពោះការអនុវត្តករណីយកិច្ច នៃការគ្រប់គ្រងវត្តមាន ភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាអនាថា ដែលរស់នៅក្រោមឱវាទ ដើម្បីបន្តការសិក្សារៀនសូត្រនោះ ត្រូវអប់រំប្រាសចាក នូវអំពើហិង្សា ដោយអប់រំអនុវត្ត ឲ្យស្របតាមគោលការណ៍ អហិង្សារបស់ព្រះពុទ្ធសាសនា ។ នេះបើយោងសេចក្តីប្រគេន នៅថ្ងៃ៧ កញ្ញា។
ប្រភពបានឲ្យដឹងបន្តថា ត្រូវអប់រំ និងចិញ្ចឹមប្រកបដោយ ព្រហ្មវិហារធម៌ និងភាពវិជ្ជមាន , ដោយសេចក្តីសន្តោស មេត្តាចិត្ត ការអន់ឱន និងជាពិសេស មិនត្រូវពាក់ព័ន្ធ នឹងសកម្មភាពផ្លូវភេទជាដើម ។
ការស្នើប្រគេនរបស់គណៈសង្ឃនាយកនៃកម្ពុជានេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះថា មានព្រះចៅអធិការវត្តមួយអង្គ បានប្រើហិង្សាមកលើ ព្រះសង្ឃមួយអង្គ បង្កឲ្យមានរបួសគួរសមផងដែរ ៕