ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៧និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A(ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329, ២-ឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន គ្មាន ។

វត្ថុតាង៖ ១-អ៊ិចស្តាស៊ី (MDMA) 6 kg 546,65g ។ ២-មេតំហ្វេតាមីន (ICE) 1 kg 085,35g ។ ៣-អំហ្វេតាមីន 608,33g ។ ៤-កេតាមីន(Ketamine) 228,89g ។ ៥-នីមេតាហ្សេប៉ាម(Nimetazepam) 1 kg 503,88g សរុបទម្ងន់ 9 kg 973,10g ។ សារធាតុគីមី 4 kg 684,70g ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង េះបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
