ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួប អនុព័ន្ធយោធា នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាត ​ឱ្យលោកវរនាវីឯក Ivan Stadchenko អនុព័ន្ធយោធា នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោក ត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមាន របស់លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធា នៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ។

ក្នុងជំនួបនេះ អនុព័ន្ធយោធា នៃសហព័ន្ធរុស្ស៊ីដែលបញ្ចប់អាណត្តិ បានថ្លែងអំណរគុណចំពោះ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលតែងបានជួយគាំទ្រ និងបង្កលក្ខណៈដល់ការបំពេញ បេសកកម្មការទូតយោធារបស់លោក ទទួលបានជោគជ័យ ជាពិសេសការសម្របសម្រួល ផ្តល់លទ្ធភាពលើកិច្ចសហការនានា ជាមួយបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក។ ទន្ទឹមគ្នានេះ លោកក៏បានសម្តែង នូវការគោរពកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រង ស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ស្របទៅតាមដំណាក់កាល វិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែក របស់កងទ័ពជើងគោក នៅក្នុងកិច្ចការដ៏មានសារៈសំខាន់ ចាំបាច់ចំពោះមុខនេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះលោកវរនាវីឯក Ivan Stadchenko ដែលបានខិតខំប្រឹងប្រែង បំពេញបេសកកម្មការទូត នៅកម្ពុជា ប្រកបដោយជោគជ័យ ក្នុងអាណត្តិ ការងារកន្លងមក ដោយសម្រេចបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ និងពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អ រវាងយោធា និងយោធា។ លោក ក៏បានយកឱកាសនេះ សម្តែងនូវការអរគុណ ចំពោះប្រទេសរុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការកសាងស្តា និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសជំនួយ លើការអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងស្ថាប័នស៊ីវិល និងយោធា ហើយដែលជំនួយ ក្នុងវិស័យនេះ ក៏បានបន្តមកដល់សព្វថ្ងៃនេះផងដែរ។

លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធា នៃសហព័ន្ធរុស្ស៊ីថ្មីប្រចាំនៅកម្ពុជា បានសម្តែងនូវការរីករាយ ដែលបានទទួលការតែងតាំង ឱ្យមកបំពេញការងារនៅកម្ពុជា និងបានជម្រាបជូនថា ជាមួយនឹងបទពិសោធន៍ ដែលលោកមានជាច្រើនឆ្នាំ នៅក្នុងតំបន់អាស៊ាន លោកនឹងខិតខំប្រឹងប្រែង សម្របសម្រួលបន្តអនុវត្តទិសដៅ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាចុងក្រោយ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្តាំផ្ញើនូវការថ្លែងអំណរគុណ ចំពោះ លោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដែលបានផ្តល់ នូវគ្រឿងឥស្សរិយយស “ថ្នាក់មិត្តភាព-Order of Friendship” ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ក្នុងការជំរុញ និងពូនជ្រំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន៕

To Top