ព័ត៌មានជាតិ

Update៖ ប៉ូលិស ប្រើហិង្សា លើអ្នកជិះម៉ូតូ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ ចំពោះមន្ត្រីនគរបាលប្រើហិង្សា លើអ្នកជិះម៉ូតូមិនគោរពច្បាប់ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមការចេញផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណី ដែលបានកើតឡើង នៅយប់ថ្ងៃទី៨ កញ្ញា នៅខណ្ឌ៧មករា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដូចជា ៖

ទី១-មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់ បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច ។

ទី២-សមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក ជួបជាមួយក្រុមគ្រួសារជនរងគ្រោះ ចរចារគ្នារឿងសំណង ថ្លៃព្យាបាល បើជនរងគ្រោះមិនសុខចិត្ត សមត្ថកិច្ចនឹងអនុវត្តបន្ត ដោយក៏សាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

ទី៣-ប្រសិនបើជនរងគ្រោះចរាចរ ត្រូវគ្នាបញ្ចប់រឿងត្រឹមសំណង មន្ត្រីនោះក៏នៅតែត្រូវអនុវត្តវិន័យ កងកម្លាំងផងដែរ ។

និងទី៤-ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ ៕

To Top