ព័ត៌មានជាតិ

សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ត្រូវដំឡើងឧបករណ៍វាស់ចំណុះ ដើម្បីគ្រប់គ្រងចំណូលពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់សហគ្រាសផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅកម្ពុជា ត្រូវដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈ ក្នុងទីតាំងរបស់ខ្លួន ដើម្បីពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ។

អគ្គនាយកដ្ឋានពន្ធដារបានដាក់កំហិតថា សហត្រាសផលិតត្រូវអនុវត្តតាមពេលវេលាដែលបានកំណត់ ដោយចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវធ្វើការបញ្ជាទិញឧបករណ៍វាស់ចំណុះទៅកាន់អ្នកផ្គត់ផ្គង់ ។ ដោយឡែក ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវធ្វើការដំឡើងឧបករណ៍វាស់ចំណុះ ដោយក្រុមអ្នកបច្ចេកទេសរបស់ សហត្រាសផ្គត់ផ្គង់ និងក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ។ ហើយចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ចាប់ផ្តើមអនុវត្ត ប្រើប្រាស់ឧបករណ៍វាស់ចំណុះ។ នេះយោងតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពបញ្ជាក់ថា សហគ្រាសផលិតត្រូវដំឡើងឧបករណ៍វាស់ចំណុះ នៅក្នុងទីតាំងរោងចក្រផលិតរបស់ខ្លួន រួមមាន ៖ នាឡិកាវាស់ ចំណុះ (Flowmeter) នាឡិកាវិភាគសារធាតុរាវ (Conductivity Meter) នៅគ្រប់ខ្សែច្រវាក់ផលិតកម្មវេចខ្ចប់ និងប្រអប់ត្រួតពិនិត្យទិន្នន័យ (Field Control Box) មួយនៅក្នុងរោងចក្រ ព្រមទាំងអាចភ្ជាប់ទៅនឹងប្រព័ន្ធអេឡិចត្រូនិក ដោយផ្ទាល់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ(Network) របស់អគ្គនាយកដ្ឋានពន្ធដារ។

ការចេញសេចក្តីណែនាំនេះ ក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតស្តីពី កាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករ គ្រប់ប្រភេទ ជាពិសេស ចំណូលអាករពិសេសលើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដើម្បីឲ្យការអនុវត្តកាតព្វកិច្ច និងប្រើប្រាស់ឧបករណ៍វាស់ចំណុះ ប្រកបដោយលក្ខណៈស្ដង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រើប្រាស់ទាន់ពេលវេលាកំណត់៕

To Top