ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ដំណាក់កាលដំបូង ក្នុងអំឡុងពេល នៃជំងឺរាតត្បាតកូវីដ-១៩ បណ្ដាប្រទេស មេគង្គ-កូរ៉េ ត្រូវរៀបចំផែនការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព តាមរយៈ ការទទួលស្គាល់ នូវប័ណ្ណចាក់វ៉ាក់សាំង បញ្ជរត្រួតពិនិត្យ និងធ្វើតេស្ត PCR ប្រកបដោយប្រសិទ្ធភាព នៅតាមព្រលានយន្តហោះ និងច្រកព្រំដែនទាំងអស់ និងប្រព័ន្ធតាមដាន និងត្រួតពិនិត្យបណ្តាញជំងឺកូវីដ-១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ កញ្ញានេះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៨ កញ្ញា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-កូរ៉េ លើកទី១១ ជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេស កូរ៉េនៅទីក្រុងសេអ៊ូល។ កិច្ចប្រជុំនេះរដ្ឋមន្ត្រីការបរទេសមេគង្គ-កូរ៉េ បានបន្តការប្តេជ្ញាចិត្ត លើការផ្លាស់ប្តូរផ្នែកឌីជីថល នាពេលអនាគត ក្នុងអនុតំបន់មេគង្គ ដើម្បីធានាបានសុវត្ថិភាព បញ្ញាសិប្បនិម្មិត និងទិន្នន័យធំ ដោយគិតគូរពិចារណា ទៅលើជំងឺរាតត្បាតកូវីដ-១៩ ។
តាមរយៈការ ប្តេជ្ញាចិត្តរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ-១៩ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ អំពីតម្រូវ ក្នុងការពន្លឿន នូវដំណើរ ការចាក់វ៉ាក់សាំង ដោយប្រកាន់ភ្ជាប់ គោលការណ៍បរិយាប័ន្ន និង មិនមានការរើសអើង ។
ចំពោះការស្តារឡើងវិញ នៃសេដ្ឋកិច្ចដំណាក់កាលដំបូង ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា «ប្រទេសសមាជិកទាំងអស់ ត្រូវរៀបចំផែនការធ្វើដំណើរ ប្រកបដោយសុវត្ថិភាពតាមរយៈ ការទទួលស្គាល់នូវប័ណ្ណចាក់វ៉ាក់សាំង បញ្ជរត្រួតពិនិត្យ និងធ្វើតេស្ត PCR ប្រកបដោយប្រសិទ្ធភាព នៅតាមព្រលានយន្តហោះ និងច្រកព្រំដែនទាំងអស់ និងប្រព័ន្ធតាមដាន និងត្រួតពិនិត្យបណ្តាញជំងឺកូវីដ-១៩» ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា ប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ គួរត្រៀមនូវផែនការស្តារឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាត ថ្នាក់តំបន់ដោយប្រុង ប្រយ័ត្ន ដើម្បីធានាឲ្យបាននូវភាពធន់ និងនិរន្តរភាព នៃសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំរវាងរដ្ឋនិង ឯកជន ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់ការតភ្ជាប់ផ្នែកទន់និងរឹង ដើម្បីសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ថាមពលបៃតង និងការផ្លាស់ប្តូរផ្នែកឌីជីថល នៅក្នុងអនុតំបន់មេគង្គ ៕