ព័ត៌មានជាតិ

សប្បុរសជន យកគ្រឿង ឧបភោគបរិភោគ និងសំភារៈ ជូនរដ្ឋបាលភ្នំពេញ ទប់ស្កាត់កូវីដ-១៩

ភ្នំពេញ ៖ ក្រុមហ៊ុន ឆ្នោតមហាសំណាង បាននាំយកគ្រឿង ឧបភោគបរិភោគ និងសំភារៈ ប្រើប្រាស់មួយចំនួន ប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភជូន ប្រជាពលរដ្ឋជួបការខ្វះខាត និងចាត់វិធានការទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ-១៩ ។

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ នៅរសៀលថ្ងៃ៩ កញ្ញានេះ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ឆ្នោតមហាសំណាងឧបត្ថម្ភ អង្ករចំនួន ២០តោន , ទឹកបរិសុទ្ធវីតាល់ចំនួន ១០០កេស , មីជាតិចំនួន ១០០កេសតូច , អាល់កុលចំនួន ១៥០លីត្រ និងម៉ាស់ចំនួន ១២,៥០០ម៉ាស់ ។

អភិបាលរងលើកឡើងថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញពីការគិតគូរ និងក្ដីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈប្រទេសជាតិ បាននិងកំពុង ជួបប្រទះគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ ៕

To Top