ព័ត៌មានជាតិ

ទោះជួប វិបត្តិ កូវីដ-១៩ កម្ពុជា បន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយប្រើគ្រប់មធ្យោបាយ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា ទោះបីមានកូវីដ-១៩ កម្ពុជាបន្តអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង នឹងបញ្ហាគ្រឿងញៀន ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងជាតិ និងអន្ដរជាតិ។ យោងតាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តា ប្រទេសហត្ថលេខីលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣ ស្តីពីកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ដែលកម្ពុជាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលមានសមាសភាពចូលរួមពី ប្រទេសចំនួន៦ រួមមាន ៖ កម្ពុជា ចិន ឡាវ សហភាពម៉ីយ៉ាន់ម៉ ថៃ និងវៀតណាម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក កែ គឹមយ៉ាន បានថ្លែងថា «ទោះបីជាស្ថិតក្នុងវិបត្តិសកលកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ ក៏នៅតែបន្តអនុវត្តសកម្មភាព របស់ខ្លួនជាប្រចាំជានិច្ច ក្នុងការប្រយុទ្ធប្រឆាំង នឹងបញ្ហាគ្រឿងញៀន ដោយបានប្រើគ្រប់មធ្យោបាយ និងគ្រប់យន្តការ ទាំងយន្តការជាតិ និងអន្តជាតិ» ។

លោកបានបន្ដថា ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តដាក់ចេញនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលទី៥ និងកំពុងតែអនុវត្តដំណាក់កាលទី៦ ដោយផ្តោតលើការងារ ពហុវិស័យដែល រួមមាន៖ វិធានការអនុវត្តច្បាប់ វិធានការផ្សព្វផ្សាយអប់រំ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងវិធានការរដ្ឋបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលទទួលបានការគាំទ្រពីគ្រប់អង្គភាព និងសាធារណជន ប្រកបដោយលទ្ធផល គួរឲ្យកត់សម្គាល់ ។

លោកបានសង្កេតឃើញថា ទោះបីក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ និន្នាការនៃការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្ថិតក្នុងការព្រួយបារម្ភនៅឡើយ ៕

To Top