ភ្នំពេញ៖ លោក នេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សាលារៀន និងគ្រឹះស្ថានអប់រំ ជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួល ក្នុងការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើ ក្នុងចំណោមកុមារ សិស្សានុសិស្ស និងយុវជន ផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន។

ក្នុងពិធីប្រគល់ជ័យលាភី មេដាយមាស សាលាមេត្រីបរិស្ថាន ជូនសាលាបឋមសិក្សាវត្តចែង ស្ថិតនៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «សាលាមេត្រីភាពបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ឥរិយាបថលើបរិស្ថាន និងបានចូលរួមអប់រំបណ្តុះស្មារតី ស្រឡាញ់ និងគោរពបរិស្ថានកាន់តែខ្លាំងឡើងក្នុង ចំណោមប្រជាជន និងក្តាប់នូវមោទកភាពជាតិ គុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា ស្របនឹងគោលដៅ របស់រាជរដ្ឋាភិបាល ប្រែក្លាយកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០»។

លោកបន្ថែមថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន នឹងជាផ្នែកមួយនៃការចូលរួម អនុវត្តគោលនយោ បាយជាតិភូមិឃុំសង្កាត់ មានសុវត្ថិភាពលើចំណុចទី៦ ដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែ «មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ» ដែលសំដៅលើការមាន វិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឲ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះ រៀបចំឲ្យមានការបញ្ជ្រាបការអប់រំ ដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពី ការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម ៕

