ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម និងចាប់បើកឲ្យសិស្ស ចូលរៀនវិញ នៅថ្ងៃទី២០ កញ្ញា ខាងមុខនេះ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានសម្រេច បើកឲ្យសិស្សចាប់ពីអនុវិទ្យាល័យ និងសាលាពុទ្ធិកៈ ចូលសិក្សានៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ រហូតដល់ ថ្ងៃទី១១ ខែតុលា ទើបបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនតាមក្រោយ។

លោកអភិបាលខេត្ត បានសម្រេចដូច្នេះ បន្ទាប់ពីបានពិភាក្សា ជាមួយមន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ អំពីការបើកគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម នឹងបើកឲ្យសិស្សចូលរៀន ចែកជាពីរតំណាក់កាល ដោយតំណាក់កាល ទី១ ឲ្យសិស្សចាប់ពីថ្នាក់ អនុវិទ្យាល័យឡើងទៅ និងសាលាពុទ្ធិក: ចូលរៀននៅថ្ងៃទី ២០ ខែកញ្ញា និងតំណាក់កាល ទី២ ឲ្យសិស្សថ្នាក់បឋមសិក្សា ចូលរៀននៅថ្ងៃទី ១១ ខែតុលា ដែលការសម្រេចឲ្យសិស្ស ចាប់ពីអនុវិទ្យាល័យចូលរៀនមុននេះ ដោយសារពួកគាត់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុងវ័យមួយ ដែលទទួលបានការអប់រំច្រើន អំពីវិធានការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ចំពោះសិស្សថ្នាក់បឋមសិក្សា រដ្ឋបាលខេត្ត និងរៀបចំបើកឲ្យពួកគាត់ចូលរៀនវិញ នៅតំណាក់កាលទី២ ដោយទុកឱកាសឲ្យលោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ ក៏ដូចជាអាជ្ញាធរដែនដី បានរៀបចំយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងពួកគាត់ឲ្យបានល្អសិន ដោយហេតុថា សិស្សថ្នាក់បឋម គឺនៅតូចៗ ដែលពិបាកគ្រប់គ្រង ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះស្រុកដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ការបើកឲ្យសិស្សចូលរៀនមើល ទៅតាមស្ថានភាពនោះដែរ ពោល ប្រសិនបើភូមិ ឃុំ នោះមានការឆ្លងច្រើន គឺមិនអនុញ្ញាតឲ្យបើកសាលានោះទេ ៕

To Top