DAP News

ព័ត៌មានជាតិ

កម្ពុជា និងគណៈកម្មកា​រ សេដ្ឋកិច្ច អឺរ៉ុប-អាស៊ី ឯកភាពគ្នា ពង្រឹងសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ថែមទៀត

ភ្នំពេញ៖ កម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី បានឯកភាព ក្នុងការខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យអាទិភាព ចំនួន៧។

វិស័យអាទិភាព ចំនួន៧នោះ រួមមាន ៖ ទី១-កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ,ទី២-កិច្ចសហប្រតិបត្តិការ លើវិស័យគយ ,ទី៣-វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ទី៤-វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងការអភិវឌ្ឍឌីជីថល ,ទី៥-វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ,ទី៦-របាំងបច្ចេកទេសពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស និងអនាម័យនិងភូតគាមអនាម័យ និងទី៧-កម្មសិទ្ធិបញ្ញា និងការការពារអ្នកប្រើប្រាស់។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមប្រព័ន្ធវីដេអូ ភាគីទាំងពីរ បានចែករំលែកបទពិសោធន៍ គន្លឹះពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងវិស័យ គយ, កសិកម្ម, ព័ត៌មានវិទ្យា, ការគាំទ្រការធ្វើធុរកិច្ច និងសហគ្រាសមីក្រូ តូចនិងមធ្យម, និងការអភិវឌ្ឍបទប្បញ្ញតិ្តបច្ចេកទេសនានា ដែលជាបច្ច័យជួយជំរុញ ដល់កិច្ចសហប្រតិបត្តិការ ឱ្យបានជិតស្និទ្ធ។

បន្ថែមពីនេះ ភាគីទាំងពីរ បានកត់សម្គាល់អំពីសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ លើវិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីជំរុញកំណើនកាន់តែខ្ពស់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម ជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្ម។ ភាគីកម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការ បង្កើតក្រុមការងាររួម ដើម្បីពិនិត្យលទ្ធភាព នៃការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងគណៈកម្មការ សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នាពេលខាងមុខ។

សូមរំលឹកថា កិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (គ.ស.អ.អ) បានរៀបចំឡើង ចំនួន២ថ្ងៃ ចាប់ថ្ងៃទី៧-៨ កញ្ញា តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រធានក្រុមការងាររួម សម្រាប់ភាគីកម្ពុជា និងលោក សឺហ្គេ ក្លាហ៊្សេវ (Sergey GLAZIEV) សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋមន្រ្តីទទួលបន្ទុក សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃ គ.ស.អ.អ និងមានវត្តមានមន្រ្តីជាន់ខ្ពស់ ជាអនុប្រធាន និងសមាជិកនៃក្រុមការងាររួម មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣៤ រូប៕

To Top