ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗប្រចាំសប្ដាហ៍

សម្ដេច ស ខេង មកដល់កម្ពុជា ក្រោយទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិត បារាំង

ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព ក្រោយបានទទួលការវះកាត់ ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។នេះបើតាមការឲ្យដឹងពីឧទ្ទកាល័យរបស់សម្តេច នាថ្ងៃ៦ កញ្ញា។

សម្តេច ស ខេង បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល២សប្ដាហ៍ ក្នុងធុរៈផ្ទាល់ខ្លួន ដើម្បីពិនិត្យសុខភាព ។

លិខិតរបស់ខុទ្ទកាល័យបន្តថា “ក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង សម្ដេចក្រឡាហោម ស ខេង បានញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១”។

គួរបញ្ជាក់ថា បច្ចុប្បន្ន សម្ដេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍ សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា៕

លោក សយ សុភាព ដាក់ផ្លែឱ្យ ក្រុមមន្រ្តីអតីត បក្សប្រឆាំងថា «ជោគជ័យរឿងស្អី»

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមន៍ អ្នកសារព័ត៌មានកម្ពុជា-ចិនបានដាក់ផ្លែទៅកាន់មន្រ្តីអតីតគណបក្សប្រឆាំង ថាតើជោគជ័យរឿងអ្វី បើបក្សរបស់ខ្លួនត្រូវបាន តុលាការរំលាយ កាលពីឆ្នាំ២០១៧ជាពិសេសអតីតអ្នករួមបង្កើតបក្សកន្លងមក​ បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយនោះ។

ការលើកឡើង របស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពី មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ បានបើកសិក្ខាសាលារបស់ខ្លួន ស្ដីពីផែនការយុទ្ធសាស្រ្ត​ និងភាពជាអ្នកដឹកនាំ​ នៅសហរដ្ឋ​អាមេរិក​ ។

នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងនូវមូលហេតុមួយចំនួនដែលបង្ហាញពីសិក្ខាសាលា ជោគជ័យក្លែងក្លាយ របស់ក្រុមមន្រ្តីអតីតបក្សប្រឆាំងនេះ។

មូលហេតុ ទាំងនោះរួមមាន៖

១ តើមានឈ្មោះស្អីទៀត បើតុលាការ រំលាយចោលបាត់ទៅហើយ។ បើទោះបីអ្នកមិនទទួលស្គាល់ តែអតីតអ្នកជាប់បម្រាម បានសរសេរលិខិតឆ្លងតាមរយៈ រដ្ឋមន្ត្រីមហាផ្ទៃទៅនាយករដ្ឋមន្រ្តី និង ទូលថ្វាយសុំរាជទានទោសពីព្រះមហាក្សត្យ និង ព្រះករុណាបានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាន លើកលែងទោស រួចបាត់ទៅហើយ។

២ តើជោគជ័យរឿងស្អី? ពីអតីតសមាជិកសភា ក្លាយទៅជាអ្នករត់ចោលស្រុក និងសកម្មជនទៅហើយនោះ!។

លោក សយ សុភាព បញ្ជាក់ថា «នៅពេលនេះ អតីតអ្នករួមបង្កើតបក្សកន្លងមក បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយ តើសិក្ខាទទួលបានជោគជ័យលើចំណុចអ្វី?»។

លោកបន្ថែមថា នេះហើយមិនមើល ប្រវត្តិសាស្ត្រថ្មីៗដែលក្រុម លន់ ណល់ សិរីមតៈ និង បរិវារចាញ់បោកអាមេរិក។

 លោក សយ សុភាព បានរំពឹងថា អនាគតប្រហែល អតីតសម្មជនជាន់ខ្ពស់ ខ្លះទៀតនឹងដើរចេញ ដោយពួកគាត់នឹងមិនផ្សងព្រេងល្បែង ដ៏មហាគ្រោះថ្នាក់នេះទៀតទេ។

ពាក់ព័ន្ធបច្ចុប្បន្នភាព លោក សយ សុភាព បានផ្ដាំទៅកាន់ក្រុមទាំងនោះ ឱ្យមើលប្រទេសអាហ្វហ្គានីស្ថានជាគំរូ។ 

លោកថា អ្នកចាញ់ពិតប្រាកដគឺ ពួកអ្នកកាន់អំណាច នៅអាហ្វហ្គានីស្ថានដែលជឿលើអាមេរិក តែអាមេរិក មិនបានស្លាប់ជាមួយទេដោយស្រូត មកបង្កើតសមរភូមិនៅ អាស៊ាន ដើម្បីទប់ចិន ដោយបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិក និងប្រកាសនៅវៀតណាម ១១ វិច្ឆិកា២០១៧៕

លោក វ៉ាង យី នឹងមកបំពេញ ទស្សនកិច្ចកម្ពុជា ក្រោយការបំពេញទស្សនកិច្ច របស់អនុប្រធានាធិបតីអាមេរិក មកកាន់ វៀតណាម-សិង្ហបុរី

ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត ក្នុងតំបន់អាស៊ាន រយៈពេល៦ពីថ្ងៃទី១០-១៥ កញ្ញា។ នេះបើយោងតាម ការចេញផ្សាយ របស់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃ៧ កញ្ញា ដែលបានដកស្រងចេញ ពីទូរទស្សន៍រដ្ឋចិន CGTN ។

គម្រោងទស្សនកិច្ច របស់លោក វ៉ាង យី ក្រៅពីមកកម្ពុជាហើយ លោកក៏ចូលទៅវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងដែរ។

ការគ្រោងបំពេញទស្សនកិច្ច របស់លោករដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជានេះ ក្រោយពីលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក បានធ្វើដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបានចូលទស្សកិច្ច តែក្នុង២ប្រទេសទេ គឺសិង្ហបុរី និងវៀតណាម កាលពីថ្ងៃទី២១ សីហា កន្លងមកថ្មីៗនេះ។

លោកស្រី Kamala Harris មកកាន់សិង្ហបុរី និងវៀតណាមនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមតេសំភាសន៍ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ សួរពីគម្រោងធ្វើដំណើរ របស់លោក វ៉ាង យី ប៉ុន្តែលោកមិនទទួលទូរស័ព្ទ៕

ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបានដកចេញពីតំណែង ដោយសារភាព មិនប្រក្រតី លើការគ្រប់គ្រង

បន្ទាយមានជ័យ ៖ ក្រោយផ្ទុះរឿងអាស្រូវខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងអង្គភាពរបស់ខ្លួន កាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានក្រុមប្រឹក្សាវិន័យសម្រេច ដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឡើងជំនួសវិញ។ នេះបើតាម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

លោក អ៊ុ រាត្រី បានបញ្ជាក់ថា «ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍនេះ ដោយសារខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងរបស់លោក ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ហើយរឿងនេះ ក៏ដឹងដល់សម្តេចតេជោផងដែរ» ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានដឹងដែរថា ក្រោយ មានរឿងខ្វះទំនួលខុសត្រូវគ្រប់គ្រងរបស់លោកច័ន្ទ វិឌ្ឍីណាវុឌ្ឍ ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យបានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់ទំនុកចិត្តដល់លោកបណ្ឌិត ទុ បារាំង អនុប្រធានឲ្យឡើងជាបេក្ខជនប្រធានថ្មី»។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បន្តថា «ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ»។

សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីនេះ កើតឡើងក្រោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលរលាកខ្នែងពោះវៀនកម្រិតធ្ងន់ ហើយត្រូវវះកាត់ ដោយសារក្នុងឃ្លាំងឈាម នៃមន្ទីរពេទ្យគ្មានឈាម។

នាឱកាសបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបានសរសេរបង្ហោះក្នុងគណនី Facebook ផ្លូវការរបស់ថា «កាលពីយប់ម៉ោង១០៖៥នាទី បានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ។ ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវា ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ”។

ក្រោយឃើញសំដីរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍនេះរួច លោកអភិបាលខេត្តបន្ទាយជ័យ បានលើកជាសំណួរថា តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ។ លោកថា នេះមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំ លើការផ្តល់សេវារបស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ ៕

លោក សុខ ឥសាន ហៅលោក ប៉ា ងួនទៀង បង្កើតគណបក្សចូលប្រកួតយកអំណាច កុំចាំបាច់វាយប្រហាររដ្ឋាភិបាល ពីក្រៅប្រទេស

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅលោកប៉ា ងួនទៀង ដែលជាប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) មកបង្កើតគណបក្សនយោបាយហើយចូលរួមប្រកួតប្រជែងដណ្តើមយកឈ្នះគណបក្សប្រជាជន ហើយកាន់អំណាចទៅ កុំចាំបាច់វាយប្រហារលើ រាជរដ្ឋាភិបាលពីក្រៅប្រទេស ។

ការហៅរបស់លោក សុខ ឥសាននេះ ក្នុងពេលលោក ប៉ា ងួនទៀង និយាយក្នុងកម្មវិធី Idea Talk របស់សាព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ថា “អ្វីដែលសម្តេចតេជោ ហ៊ុន សែន កំពុងធ្វើសព្វថ្ងៃនេះ មិនមែនធ្វើដើម្បីគណបក្សប្រជាជនកម្ពុជាទេ ហើយគណបក្សប្រជាជនគ្រាន់តែជាឈ្នាន់ទេ តែចំពោះគាត់ គឺដើម្បីក្រុមគ្រួសាររបស់គាត់ ។ ជាក់ស្តែងអំណាចនៅក្នុងក្រសួងទាំងអស់ ទាំងក្រសួងសុខាភិបាលក៏ដោយ អ្នកចេញមកគឺមន្រ្តីធម្មតា ប៉ុន្តែអំណាចខ្លាំងគឺកូនប្រសារគាត់ និងក្រុមកូនគាត់ ពោលគឺឆ្ពោះទៅរករបបគ្រួសារត្រកូល ហ៊ុន និយម” ។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមក្រុមអ្នកសារព័ត៌មាននាថ្ងៃ៨ កញ្ញា បានថ្លែងថា “បើ ប៉ា ងួនទៀង គ្រាន់បើ កុំនៅបរទេស ហើយវាយប្រហារមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ចូលមកបង្កើតគណបក្សនយោបាយ ប្រកួតប្រជែងបោះឆ្នោត យកឈ្នះទៅ ហើយកាន់អំណាចទៅ” ។

លោកថា បើចង់កែប្រែសង្គម មិនមែននិយាយវាយប្រហារទេ តែត្រូវជួយរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ហើយការនិយាយវាយប្រហារចាប់កំហុស មិនមែនជាការជួយសង្គម ផ្ទុយទៅវិញគឺជាការធ្វើឧបសគ្គដល់ការរីកចម្រើនរបស់សង្គមទេ ។
បច្ចុប្បន្នលោក ប៉ា ងួនទៀង កំពុងរស់នៅសហរដ្ឋអាមេរិក។ លោកប៉ា ងួនទៀង ក៏ជាមនុស្សម្នាក់មានភាពស្និទ្ធស្នាលខ្លាំងជាមួយលោក កឹម សុខាផងដែរ ព្រោះលោកទាំង២ធ្លាប់បានធ្វើការជាមួយគ្នាកាលពីបង្កើតអង្គការក្រោមការផ្គត់ផ្គងពីអង្គការIRI ។ ប្រធាន CCIM រូបនេះ ក៏បានត្រូវបានតុលាការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា (សំណុំរឿងក្បត់ជាតិ) ផងដែរ៕

លោក វ៉ាង យី នឹងចូលរួមសម្ពោធ ពហុកីឡដ្ឋានជាតិ មរតកតេជោ ចុងសប្តាហ៍នេះ

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន នាចុងសប្តាហ៍នេះ នឹងអញ្ជើញចូលរួមសម្ពោធ ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅមុខវិមានឈ្នះឈ្នះ ។ នេះបើតាមការដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់នៅថ្ងៃទី៨ កញ្ញា ថា គម្រោងសម្ពោធពហុកីឡដ្ឋាននេះ ភាគីទាំង២កម្ពុជា-ចិនបាន ព្រមព្រៀងគ្នា រួចហើយ ដោយកំណត់យកឱកាសនៃដំណើរបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសចិន ធ្វើពិធីសម្ពោធជាផ្លូវការតែម្តង ប៉ុន្តែមិនទាន់កំណត់ ថ្ងៃឲ្យបានជាក់លាក់ និងត្រូវប្រារព្ធធ្វើពិធីអ្វីខ្លះនោះទេ ។

លោកថា “ផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋាន មរតកតេជោ ពីសំណាក់ ឯកឧត្តម វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំង របស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋាន មរតកតេជោកាន់តែល្បីខ្ទរខ្ទារ និងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកមកកម្ពុជា បន្ថែមទៀត” ។

លោក វ៉ាត់ ចំរើន រំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ តាមគម្រោង ត្រូវចំណាយ ថវិកាសាងសង់ ក្នុងចន្លោះពី ១០០ ទៅ ២០០លានដុល្លារជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ដែលមានទីតាំង ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា មានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ ។

សូមបញ្ជាក់ថា លោក វ៉ាង យី នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត ក្នុងតំបន់អាស៊ាន រយៈពេល៦ពីថ្ងៃទី១០-១៥ កញ្ញា។ ប្រទេស៣ទៀតនោះរួមមាន ៖ វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងដែរ ៕

លោក ដួង តារា ៖ ត្រូវបញ្ឈប់ ធ្វើរបាយការណ៍ភូតកុហក សម្តេចតេជោ ករណីជំលោះវិវាទដីធ្លី

ភ្នំពេញ ៖ ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ឌួង តារាដែលតែងតែមានសកម្មភាព ចុះសម្រប សម្រួល ក៏ដូចជាផ្តល់ដំណោះស្រាយ ជំលោះដីធ្លីស្ទើរតែគ្រប់ខេត្តនោះ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបញ្ឈប់ធ្វើរបាយការណ៍ ភូតកុហកសម្តេចតេជោ ។

តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ៨ កញ្ញា លោកបានថ្លែងថា “យើងត្រូវរួមគ្នាបញ្ឈប់ធ្វើ របាយការណ៍ភូតកុហក សម្តេចតេជោ ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី ជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង” ។

ការលើកឡើង របស់លោកនេះ ក្រោយពីលោកបានទៅប្រគល់បណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនគូភាគីវិវាទ ដែលត្រូវជាម្តាយ-កូន នៅខេត្តបន្ទាយមានជ័យ ជាមួយលោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្ត។

លោកថា ករណីវិវាទដីធ្លីនេះ លោកបានសម្របសម្រួល ជាមួយម្តាយបង្កើត និងកូនស្រីរស់នៅបារាំងអស់ រយៈពេលជាច្រើនខែកន្លងមក ហើយទើបចុងក្រោយភាគី ខាងម្តាយបាន យល់ព្រមផ្ទេរកម្មសិទ្ធិដី២កន្លែង មកឲ្យកូនស្រីបង្កើតវិញ ដោយបានទទួលស្គាល់ថា ដីទាំង២កន្លែងនោះ គឺកូនស្រីពិតជាបានផ្ញើប្រាក់ ឲ្យម្តាយជួយទិញដីឲ្យមែន ព្រោះមិនទាន់អាចចុះមកដោយខ្លួនឯងបាន ៕

ករណីហិង្សា រវាងប៉ូលីសសង្ហា និងកញ្ញារូបស្រស់, ភាគីទាំង២ អាចត្រូវអនុវត្ត​ តាមច្បាប់ដូចគ្នា

ភ្នំពេញ៖ កម្រង់រូបភាព ក៏ដូចជាការបញ្ចេញទស្សនៈផ្សេងៗ ជុំវិញរឿងរ៉ាវស្រីស្រស់ និងបុរសប៉ូលីសរូបសង្ហា​ កំពុងបានក្លាយជាទីចាប់អារម្មណ៍ ពីសំណាកអ្នកលេងបណ្តាញសង្គមយក្ស ហ្វេសប៊ុកបញ្ចេញទស្សនៈជាហូរហែង និងព្រោងព្រាត នៅព្រឹកថ្ងៃ៩ កញ្ញា នេះ ។

ក្នុងនោះ អ្នកបញ្ចេញទស្សនៈ មានទាំងប្រជាពលរដ្ឋធម្មតា ប៉ូលីស អ្នកនយោបាយ អ្នកតាមដានសង្គមជាដើម។ ការបញ្ចេញយោបល់ផ្សេងគ្នានេះ ដោយអ្នកខ្លះគាំទ្រខាងស្រី្តរងគ្រោះ និងគាំទ្រប៉ូលីស។

ប៉ុន្តែចំពោះមតិគាំទ្រទាំង២នេះ ភាគច្រើនបានដាក់បន្ទុក​ ទៅលើលោកប៉ូលីសរូបសង្ហា ជាងស្រ្តីស្រស់ស្អាត។ ការដាក់បន្ទុកលើប៉ូលីសនេះ ដោយសារក្នុងនាម ជាអ្នកអនុវត្តច្បាប់ បែរជាល្មើសច្បាប់ទៅវិញ តាមរយៈការប្រើហិង្សា ដោយយកអាយកូម មកវាយលើក្បាលស្រ្តីនេះ ខណៈនាងកំពុងជិះគេចពីប៉ូលីស ដែលកំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ក្នុងពេលពាក់កណ្តាលអាធ្រាត្រ នាថ្ងៃ៨ កញ្ញា ក្នុងពេលនាងជិះម៉ូតូពីក្រោយ ដោយមានបុរសវ័យក្មេង ជាអ្នកបើក គឺយ៉ាងលឿន ដើម្បីគេចពីការផាកពិន័យ ដោយពួកគេទាំង២ ពុំបានពាក់មួកសុវត្ថិភាព។

ដោយសារតែឃើញបែបនេះ ប៉ូលីសក៏បានយកអាយកូម (ID) វាយក្បាលតែម្តង ធ្វើឲ្យនាង ជាអ្នកជិះពីក្រោយបែកក្បាល ខណៈអ្នកឌុបពុំមានរបួសអ្វីឡើយ។ ការរៀបរាប់នេះ ដោយយោងតាម ការមើលឃើញជាក់ស្តែង ពីវិដេអូជិត១នាទី ថតពីសកម្មភាពប៉ូលីស និងនារីរូបស្រស់នេះ។

ស្រ្តីរងគ្រោះ ត្រូវបានគេដឹងឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ អ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ មន្រ្តីនគរបាលប្រើហិង្សាឈ្មោះ ម៉ាត់ ពិសី ។

ក្រោយកើតហេតុ នៅត្រង់ចំណុចបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង៧យប់ថ្ងៃ៨ កញ្ញា រួចមក លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យតាមឃាត់ខ្លួនប៉ូលីស ជាអ្នកបង្កហេតុភ្លាមៗ។ បន្ទាប់ពីបញ្ជានៅព្រឹកថ្ងៃ៩ កញ្ញានេះ មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួសដល់ស្ត្រីនោះ ក៏ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

ស្នងការរាជធានីភ្នំពេញបន្តថា “ក្នុងករណីស្រាវជ្រាវហើយ ឃើញថា មានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្ត តាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។ ដោយឡែក ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្ត តាមច្បាប់ផងដែរ”។

សម្រាប់ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានបញ្ចេញទស្សនៈថា “ស្រ្តីរូបនេះត្រូវរងការពិន័យ ទៅតាមច្បាប់ចរាចរណ៍។ ប៉ុន្តែមន្ត្រីនគរបាល ដែលប្រើហិង្សា ក៏ពុំអាចរួចខ្លួន ដោយការចរចាសម្រុះសម្រួល ជាមួយស្ត្រីរងគ្រោះបានឡើយ។ ដាច់ខាតមន្ត្រីនគរបាលរូបនេះ ត្រូវទទួលពិន័យរដ្ឋបាល និងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ ក្រោមបទប្រើប្រាស់ អំពើហិង្សាបង្ករបួសស្នាម ដល់អ្នកដទៃ ដើម្បីជា ការព្រមាន កុំឲ្យធ្វើបែបនេះតទៅទៀត និងជាគំរូ កុំឲ្យមន្ត្រីនគរបាលផ្សេងទៀត ធ្វើតាមផងដែរ”។

ចំពោះលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា បានឲ្យដឹងដែរថា នគរបាលចរាចរណ៍ អនុវត្តច្បាប់ចរាចរណ៍ ចំពោះអ្នកបើកបរល្មើស ដូចជាមិនពាក់មួកសុវត្ថិភាព ក្នុងបំណងពង្រឹងការអនុវត្ត និងគោរពច្បាប់ ជាពិសេសការពារគ្រោះថ្នាក់ ទៅលើក្បាល។ ចុះបើសិននគរបាលប្រើប្រាស់របស់រឹងវៃ ទៅលើក្បាលបណ្តាលឲ្យបែកក្បាលវិញ តើនេះជាការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ជាពិសេសដួលបោកក្បាលទេ? ទង្វើនេះផ្ទុយពីការអនុវត្តច្បាប់ ។

លោកបន្ថែមថា “ដូច្នេះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ត្រូវយកច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមកអនុវត្ត ប៉ុន្តែនគរបាលប្រើប្រាស់ហិង្សា ត្រូវប្រឈមនឹងក្រមព្រហ្មទណ្ឌ ព្រោះខ្លួនជាមន្រ្តីអនុវត្តច្បាប់ ដែលដឹងនិងយល់ពីច្បាប់ ប្រព្រឹត្តផ្ទុយច្បាប់ ដោយប្រើប្រាស់ហិង្សា ដោយមានមធ្យោបាយ” ។

ចំណែកលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបញ្ចេញការវិភាគផ្ទាល់ខ្លួនថា “រដ្ឋាភិបាល នឹងប្រកាសធ្វើអ្វីមួយ ចំពោះមន្រ្តីនោះ”៕

នាយករដ្ឋមន្ដ្រីកម្ពុជា៖ ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នា ប្រយុទ្ធប្រឆាំង យកឈ្នះកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ឃើញថា ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង យកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាព សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។

ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគតរួមគ្នា» នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ជោគជ័យដ៏ត្រចះត្រចង់ ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំ សម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាន អនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។

សម្ដេចតេជោ មានប្រសាសន៍បន្តថា «ជាទិសដៅទៅអនាគត ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាព សកម្មភាពសង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព ការជឿទុកចិត្ត ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ»។

សម្ដេចតេជោបន្ដថា លើសពីនេះទៀត ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿន ការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឲ្យបាន ទូលំទូលាយជាងមុននូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឲ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការ នាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធាន ហិរញ្ញវត្ថុបន្ថែមទៀត។

នាឱកាសនោះ សម្ដេចតេជោ លើកឡើងទៀតថា សម្រាប់កម្ពុជា ទោះបីត្រូវបានចាត់ទុក ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹង វិបត្តិនាពេលអនាគត ។ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដៃម្ខាងបានប្រយុទ្ធប្រឆាំង យ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តបីសំខាន់គឺ ទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវ គោលនយោបាយរក្សាលំនឹង ជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកដែល សម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិត មួយខ្ពស់គួរឱ្យកត់សម្គាល់ ។ កម្ពុជានឹងអាចសម្រេចបាន នូវគោលដៅនៃការបង្កើតភាពស៊ាំ សហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការ ពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ៕

លោកស្រី ចាណែត ឃីង អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អង្គការអាដហុកទទួលមរណភាព

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ចាណែត ឃីង (Janet King) ដែលជាសមាជិកក្រុមប្រឹក្សា ភិបាល នៃសមាគមអាដហុក បានទទួលមរណភាពវេលាម៉ោង ៣ទៀបភ្លឺ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការចេញផ្សាយរបស់សមាគមអាដហុក នាថ្ងៃ១០ កញ្ញា ។

អាដហុកបន្តថា លោកស្រីបណ្ឌិត ចាណែត ឃីង គឺជាបណ្ឌិតច្បាប់ គ្រូបង្រៀន អ្នកអប់រំ អ្នកប្រឹក្សា និងអ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដ៏ល្អ និងពូកែ ខាងផ្នែកអង់គ្លេសនៅកម្ពុជា ។

ប្រភពឲ្យដឹងទៀតថា លោកស្រីបណ្ឌិត បានមកបម្រើការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ន។ លោកស្រីបណ្ឌិតបានបំពេញការងារទាំងនេះ ដោយមិនចេះ នឿយហត់ ដើម្បីបង្រៀន និងអប់រំដល់យុវជន និស្សិត មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងអ្នកដឹកនាំសហគមន៍ ជាពិសេសនៅមួយរយៈពេលចុងក្រោយនេះ លោកស្រីបណ្ឌិត បានលះបង់ពេលវេលាទាំងអស់របស់លោកស្រីបណ្ឌិត ដើម្បីជួយបង្រៀនភាសាអង់គ្លេសដល់សហគមន៍ និងព្រះសង្ឈដោយស្ម័គ្រចិត្ត៕

To Top