ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី កម្ពុជា ៖ ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅរក ជោគជ័យ សន្ដិភាព និងនិរន្ដរភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅ រកជោគជ័យ និងសន្ដិភាពពេញលេញ ប្រកបដោយនិរន្ដរភាព ជាពិសេសនោះ កសាងសន្ដិភាព និងកសាងប្រទេសជាតិ នៅក្រៅជម្លោះ។

ក្នុងមហាសន្និបាត នៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់ អាស៊ី ប៉ាស៊ីហ្វិក» នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមរយៈបទពិសោធន៍ដែលស្តែងចេញ ពីការវិវត្តនៃស្ថានការណ៍នយោបាយ នៅប្រទេស អាហ្វហ្គានីស្ថាន និងទីកន្លែងផ្សេងៗទៀត អាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធនៅ ក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិ បាន។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងនេះបានឡើយ ។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងន័យនេះ ខ្ញុំសូម គូសបញ្ជាក់ថា ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព ។ និយាយមួយបែបទៀតបានថា ប្រទេសដទៃមិនអាចមក បណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះ សំខាន់ទាំងនេះត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ»។

សម្ដេចតេជោ បន្ដថា ជាក់ស្តែង កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធន៍ សន្តិភាព ពេញលេញដែលទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស ។ សម្ដេចគូសបញ្ជាក់ថា នាដើមទសវត្សន៍ឆ្នាំ ១៩៩០ កម្ពុជាមិន អាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របសកម្ពុជា៕

To Top
×