ព័ត៌មានជាតិ

ចិន សន្យានាំផលិតផលកសិកម្មខ្មែរ ទៅលក់លើទីផ្សារចិន ឲ្យកាន់តែច្រើនឡើងថែមទៀត (Video)

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាយ៉ាងច្បាស់លាស់ថា ចិននឹងនាំផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។

ក្នុងជំនួបកាលពីថ្ងៃ១២ កញ្ញា នោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចិនកំពុងបើកទូលាយទីផ្សារ ហើយនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន ចូលជាធរមាននៅពេលខាងមុខនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន ហើយទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ជាមួយការប្តេជ្ញាជួយពីមិត្តចិន។

ឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន នឹងពួតដៃគ្នាជាមួយកម្ពុជា ដើម្បីជួយកម្ពុជាបានកាន់តែច្រើន។ លោក អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។

លោកបានបានបញ្ជាក់ថា «ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារចិនឲ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា»៕

To Top