ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សមត្ថកិច្ច បន្ដបង្រ្កាបគ្រឿញៀន បន្ទាប់ពីខែសីហា ឆ្នាំ២០២១ បង្ក្រាបបានចំនួន៤៤០ករណី កើនឡើង១១១ករណី បើធៀបនឹងខែកក្កដា កន្លងទៅ។
តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេងបានថ្លែងថា «ខ្ញុំសូមជម្រាបជូនបងប្អូន ជនរួមជាតិ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែសីហា ឆ្នាំ២០២១ដែលនៅក្នុងរយៈពេល១ខែនេះ សមត្ថកិច្ចយើងបង្ក្រាបបានបទល្មើស គ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១»។

សម្ដេចបន្ដថា ករណីបទល្មើសបង្ក្រាបបានទាំងនោះ រួមមាន៖ ករណីរក្សាទុកជួញដូរ និងរក្សាទុកមាន ចំនួន៣៥៥ករណី, ករណីប្រើប្រាស់មានចំនួន៨៤ករណី និងករណីសំយោគកែច្នៃ ១ករណី។ សម្ដេច ថា កិច្ចប្រតិបត្តិការខែសីហា កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។

សម្ដេចរៀបរាប់ថា ករណីគ្រឿងញៀន និងចំនួនជនសង្ស័យសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការកើនឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហានេះ ចំនួនគ្រឿងញៀនដែលសមត្ថកិច្ច ចាប់យកបានថយចុះ១៦១គីឡូក្រាម និង៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត ២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ច បង្ក្រាបបានករណីធំៗ។

សម្ដេច ស ខេង បានបញ្ជាក់ទៀថា «ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើនូវសេចក្ដីកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ជាថ្មីម្ដងទៀត ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានខិតខំរួមសហការគ្នាយ៉ាងល្អ ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនយើង» ៕
