ព័ត៌មានជាតិ

ផលិតផល មីជាតិ វឌ្ឍនភាពអស្ចារ្យ ឆ្ពោះទៅកាន់ទីផ្សារ ប្រទេសវៀតណាម

ភ្នំពេញ ៖ ស្របពេលមានការទទួលស្គាល់ លើគុណភាព និងរសជាតិឆ្ងាញ់ នៃផលិតផលមីជាតិ ក្រុមហ៊ុន ដែលមានស្ថាបនិក ជាកូនខ្មែរ និងជាក្រុមហ៊ុន ផលិតមីកញ្ចប់ រសជាតិខ្មែរដំបូង គេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិ ជាលើកទីមួយទៅកាន់ទីផ្សារ ប្រទេសវៀតណាម ។

នេះ ជាវឌ្ឍនភាពថ្មី ដ៏អស្ចារ្យមួយទៀត ក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរ ចូលក្នុងទីផ្សារថ្នាក់តំបន់ នាពេលបច្ចុប្បន្ន និងទៅកាន់ពិភពលោក នាពេលអនាគត ។

ការបើកទំព័រនៃដំណើរថ្មី របស់ផលិតផល មីជាតិ ក្នុងការឆ្ពោះទៅកាន់ប្រទេសរៀតណាមនេះ ត្រូវបានប្រព្រឹត្តឡើង ដោយមានការរៀបចំ សន្និសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីគណៈគ្រប់គ្រង នៃក្រុមហ៊ុនមីជាតិ និងតំណាងចែកចាយលក់បន្ត នៅក្នុងប្រទេសវៀតណាម ព្រមទាំង ភ្ញៀវកិត្តិយស ជាច្រើននាក់ទៀត ។

ក្នុងសន្និសីទសារព័ត៌មាននេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកា ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានមាន ប្រសាសន៍ថា “ការនាំចេញ​ ជំហានដំបូងនេះ គឺជាការឆ្លុះបញ្ចាំង ពីការជឿជាក់លើគុណភាព ផលិតផលមីជាតិ នៅក្នុងកម្រិតស្តង់អន្តរជាតិមួយ ស្របជាមួយតម្រូវការ ទីផ្សារក្នុងប្រទេស ជិតខាងផងដែរ ។” ការនាំចេញនេះ បានផ្តល់ជាកាលានុវត្តភាពថ្មី មួយទៀត សម្រាប់ផលិតផលមីជាតិ ក្នុងការបង្ហាញ ខ្លួនលើទីផ្សារអន្តរជាតិ ខណៈគុណភាព និងរសជាតិនេះ បានទទួលស្គាល់រួចជាស្រេច ពីសំណាក់ប្រជាជននៅក្នុងស្រុក ។”

លោក ឡាវ វ៉ាន់ នាយកប្រតិបត្តិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង បានបន្តថា ការនាំចេញនេះពិតជាបានផ្តល់ភាពវិជ្ជាមាន ជាច្រើនដល់ផលិតផលមីជាតិ ដែលស្របជាមួយបរិការណ៍ នៃការទទួលស្គាល់ពីគុណភាព និងរសជាតិឆ្ងាញ់ របស់មីជាតិពីសំណាក ប្រជាជនក្នុងស្រុក ។ ជាពិសេស នេះជាមោទនភាពមួយ ដែលផលិតផលមីកញ្ចប់ ក្នុងស្រុក របស់យើងមានវត្តមាន ក្នុងទីផ្សារអន្តរជាតិ ។

លោកបានបន្តទៀតថា មីជាតិ បានផលិតឡើងក្នុងស្តង់ដារមួយ ដ៏ត្រឹមត្រូវតាំងពីការបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យរបស់យើង ជាផលិតផលចំណីអាហារ ដែលគេគ្រប់គ្នា ទទួលស្គាល់ ។ ហើយថ្ងៃនេះជាដំណើរឆ្ពោះ ទៅមុខមួយដំណាក់កាលទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់វិស័យចំណីអាហារវេចខ្ចប់នៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាននេះដែល លោកស្រី ហ៊ីវ រតនា តំណាងដៃគូចែកចាយមីជាតិ ទៅបរទេស បានមានប្រសាសន៍ថា នេះជាជំហានដំបូង ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនមីជាតិ ។ យើងពិតជាជឿជាក់លើគុណភាព និងសុវត្ថិភាព នៃផលិតផលមួយនេះ។ ជាមួយគ្នានេះផង ដែលយើងបានធ្វើការ សិក្សាយ៉ាងល្អិតល្អិនបំផុត លើគុណភាព និងរសជាតិ របស់មីជាតិ ក៏ដូចជាតម្រូវការមីកញ្ចប់ ក្នុងទីផ្សាប្រទេសវៀតណាមផងដែរ ។

លោកស្រី ហ៊ីវ រតនា បានបន្តទៀតថាតម្រូវការ មីកញ្ចប់ក្នុងប្រទេសវៀតណាម មានការកើនឡើងខ្ពស់ ក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩នេះ។ យើងជឿជាក់ថាផលិតផលមីជាតិ នឹងទទួលបានការគាំទ្រពីប្រជាជននៅទីនោះ ។

ដើម្បីបំពេញនូវលក្ខខណ្ឌក្នុងការនាំចេញ កម្រិតគុណភាព និងសុវត្ថិភាពចំណីអាហារ ត្រូវបានឆ្លងកាត់ការសិក្សា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធ លើបទដ្ឋានស្តង់ដារដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាព និងគុណភាព។ មីជាតិ មោទនភាព ផលិតផលជាតិ។

គួរបញ្ជាក់ផងដែរថា ផលិតផលមីជាតិ ត្រូវបាននាំចេញដោយក្រុមហ៊ុន Viet thai phat ដែលមានអាសយដ្ឋាននៅក្នុងខេត្តអានជាំង ប្រទេសវៀតណាម ៕

To Top