ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានប្រាប់ធនាគារពិភពលោក(World Bank)ថា កម្ពុជា គ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ តាមបែបគន្លងថ្មី ដោយនឹងចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មក វិស័យទេសចរណ៍ក្នុងស្រុក និងអ្នកទេសចរណ៍អន្តរជាតិទទួលការចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំ តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានប្រមាណជាង៩០% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ និងកុមារ អាយុចាប់ពី ១២ ឆ្នាំ រហូតដល់ក្រោម១៨ ឆ្នាំ បានប្រមាណ ១,៤ លាននាក់ ធៀបនឹងគោលដៅ២លាននាក់ ។
លោកបានបញ្ជាក់ថា «កម្ពុជា ក៏នឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា ។ បន្ថែមពីនេះ កម្ពុជាគ្រោងបើកដំណើរការសកម្មភាព សេដ្ឋកិច្ចឡើងវិញតាមបែបគន្លងថ្មី ដោយនឹងត្រូវចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និង ទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួច ជាដើម»។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឲ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
លោកបានសំណូមពរធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជា គម្រោងអប់រំ , អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើមដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ-១៩។
ឆ្លៀតឱកាសនោះ លោកស្រី Victoria Kwakwa បានសាទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស លើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ដូចជា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងឡាយ។
លោកស្រី ក៏បានគាំទ្រទាំងស្រុងចំពោះសំណើដែលបានលើកឡើងដោយ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងសន្យាពាំនាំយកទៅពិភាក្សាឡើងវិញជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោក ដើម្បីដោះស្រាយ ក៏ដូចជាផ្តាំផ្ញើបន្តទៅលោកស្រី Manuela Ferro អនុប្រធានធនាគារពិភពលោកថ្មី ដែលនឹងចូលជំនួស រកមធ្យោបាយឲ្យកម្ពុជាមានលទ្ធភាពទទួល បាននូវហិរញ្ញប្បទានឥតសំណង ឬកំចីដែលមានកម្រិតសម្បទាខ្ពស់ ៕