ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។
សម្តេចថា ចាក់នេះ គឺក្នុងគោលដៅកុមារ ជាងមួយលាន៨ សែន នាក់។
សម្តេចតេជោបន្តថា “បើយើងមិនចាក់ជូនកុមារទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យដល់វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក” ។
ការសម្រេចចាក់វ៉ាក់សាំងនេះ ត្រូវបានសម្តេចតេជោអះអាងថា ដោយសារប្រទេសមួយចំនួនបានសិក្សាអំពីលទ្ធភាពនៃការចាក់នេះ ពីក្មេងក្រោមអាយុ១២ឆ្នាំដែរ ដូច្នេះអត់មានអ្វីត្រូវពិបាកទេដោយសារកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃរួចជាស្រេច។
សម្តេចនាយករដ្ឋមន្រ្តីថា បន្ទាប់ពីបញ្ចប់នៃយុទ្ធការការចាក់វ៉ាក់សាំងឲ្យកុមារពី៦ទៅ១២ឆ្នាំហើយ នឹងបន្តយុទ្ធនាការចាក់ឲ្យកុមារពី៣ទៅ៦ឆ្នាំផងដែរ ដើម្បីឈានទៅដល់ការបើកសាលាទាំងអស់តែម្តង។
ក្នុងឱកាសនោះ សម្តេចតេជោបានឲ្យអាជ្ញាធរគ្រប់ខេត្ត និងអ្នកពាក់ព័ន្ធត្រៀមលក្ខណៈសម្រាប់ការចាក់វ៉ាក់សាំងឲ្យកុមារពី៦ទៅ១២ឆ្នាំ ដោយសំខាន់ត្រូវត្រៀមក្រុមគ្រូពេទ្យ។
ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្តេចតេជោនឹងអញ្ជើញបើកនៅក្នុងវិមានសន្តិភាព ហើយនឹងធ្វើសន្និសីទសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន៩៧,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានចំនួន ៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕