ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ស្នើ WB គាំទ្រការផលិតបន្លែ នៅកម្ពុជា

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារពិភពលោក (World Bank) ជួយគាំទ្រខ្សែច្រវាក់ផលិតកម្មបន្លែ និងពង្រឹងផលិតភាពផលិតកម្មបន្លែ នៅទូទាំងប្រទេសកម្ពុជា ហើយបន្តធ្វើទំនើបកម្មនូវវិស័យកសិកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន បានលើកសំណើប្រាប់លោកស្រីថា «សូមគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មបន្លែ ការពង្រឹងផលិតភាពផលិតកម្ម បន្លែនៅទូទាំងប្រទេស និងដោយឡែកក្នុងតំបន់ ជុំវិញរាជធានីភ្នំពេញ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងបណ្តុំផលិត តភ្ជាប់ជាមួយបណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធស្តុក និងការដឹកជញ្ជូន»។

លោកបញ្ជាក់ថា បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលបម្រើដល់ផលិតកម្មដំណាំផ្លែឈើ ការកែច្នៃ និងការនាំចេញ ជាមួយនឹងការលើកកម្ពស់ ការផ្តល់សេវាផ្សព្វផ្សាយ បច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។

លោកបន្ថែមថា អភិវឌ្ឍន៍វិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព សុវតិ្ភភាព ពង្រឹង និងពង្រីកការងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី និងចំណីឲ្យបានទូលំទូលាយ រួមទាំងការបណ្តុះបណ្តាល ធនធានមនុស្សផងដែរ។ ជាងនេះទៅទៀត ការកសាង ខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សំខាន់ៗនៅតែជាអាទិភាព។

ជាងការឆ្លើយតប លោកស្រី Maryam Salim បានបញ្ជាក់ថា នឹងយកសំណើនេះទៅពិនិត្យ ពិចារណាឲ្យបានលម្អិត ជាមួយក្រុមជំនាញ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ លោកស្រី សង្ឃឹមថា ធនាគារនឹងបន្តកិច្ចសហការ ឲ្យកាន់តែរឹងមាំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែល្អប្រសើរថែមទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top