ព័ត៌មានជាតិ

ក្រុមមន្រ្តីខ្មែរ សម្តែងក្តីរំពឹងជោគជ័យ ពីកម្ពុជាធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងឆ្នាំនេះ (Video)

ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់មកពី ក្រសួងពាក់ព័ន្ធបានសម្តែងក្តីរំពឹងថា កម្ពុជានឹងទទួលជោគជ័យ សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយនឹងបង្ហាញពីវឌ្ឍនភាពជាច្រើន ទៅកាន់បណ្តាប្រទេស ជាសមាជិកចំនួន៥២ ដែលចូលរួម ។

លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានលើកឡើងក្នុងវេទិកា ពិភាក្សាជាមួយអ្នកព័ត៌មាន ក្រោមប្រធានបទ ការរៀបចំប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីឌីអូ Zoom នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ថា កិច្ចប្រជុំអាស៊ី-អឺរ៉ុបបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ ពេលនោះមានប្រទេសចូលរួមតែ ២៦ប៉ុណ្ណោះ មកពីក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប។

លោកបញ្ជាក់ថា កិច្ចប្រជុំពេលនោះ មានគោលបំណងចំបង ជំរុញកិច្ចសហប្រតិបត្តិការទ្វីបអាស៊ី-អឺរ៉ុប ដោយឈរលើសសរស្តមចំនួន៣ ទី១.នយោបាយតាមរយៈកិច្ចសន្ទនា លើកកម្ពស់សន្តិភាព និងសន្តិសុខ ព្រមទាំងចូលរួមដោះស្រាយ បញ្ហាប្រឈមនានា លើកពិភពលោក។ ទី២.ការជំរុញរវាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាស៊ី-អឺរ៉ុប និងទី៣.សង្គម វប្បធម៌ អប់រំ និងបច្ចេកវិទ្យា។

ជាមួយគ្នានោះដែរ លោកគូសបញ្ជាក់ថា កម្ពុជាបានចូលរួមជាសមាជិកអាស៊ី-អឺរ៉ុបតាំងពីឆ្នាំ២០០៤ ហើយប្រទេសចូលរួមចុងក្រោយ គឺប្រទេសកាម៉ាស្តង់ ដែលមកដល់ពេលនេះ មានប្រទេសចំនួន៥៣ (ប្រទេស៥១ និង២ស្ថាប័ន ) ។ ប្រទេសជាសមាជិក នៅអាស៊ីចំនួន២៣ និងប្រទេសអឺរ៉ុបចំនួន៣០ ដោយបូកពីស្ថាប័នទៀត គឺសហភាពអឺរ៉ុប (EU) និងអគ្គលេខាធិការដ្ឋានអាស៊ាន។

លោកថា សម្រាប់ធ្វើម្ចាស់ផ្ទះនេះ កម្ពុជានឹងអាចទាញយក ផលប្រយោជន៍ពីកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ ដូចជា៖ បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ លើកឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីតួនាទី ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម នៅលើពិភពលោកដែលកំពុងជួបប្រទះ។ ជាក់ស្តែងឆ្នាំ២០២០ កម្ពុជាធ្វើជាប្រធានអាស៊ី-អឺរ៉ុប ដោយបានសម្របសម្រួល ឲ្យសមាជិកទាំងអស់ឯកភាពចេញ ជាសេចក្តីថ្លែងការណ៍រួមមួយ ទាក់ទងនឹងការដោះស្រាយ បញ្ហាជំងឺកូវីដ១៩ផងដែរ។ ជាងនេះ កម្ពុជានឹងធ្វើឲ្យកម្ពុជាពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ និងវត្តមានរបស់ថ្នាក់ដឹកនាំធំៗ មកពីបណ្តាប្រទេសអាស៊ី និងអឺរ៉ុប ដូចជាប្រទេសបារាំង អាម្លឺម៉ង់ កូរ៉េ សហភាពអឺរ៉ុប រុស្ស៊ី ដោយ បង្ហាញថាកម្ពុជាមានសន្តិភាព ក្នុងការដើរផ្លូវត្រូវ។ លើសពីនេះ ផ្តល់ឲ្យកម្ពុជា បង្ហាញពីអរិយធម៌ វប្បធម៌ ក៏ដូចជាទាក់ទាញការវិនិយោគមកកម្ពុជា ។

ចំណែក លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងដែរថា ការធ្វើជាម្ចាស់កិច្ចប្រជុំ (ASEM13) នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយជាកិត្តិសយសម្រាប់កម្ពុជា។ លោកគូសបញ្ជាក់ថា ក្រសួងកំពុងត្រៀមលក្ខណៈ ក្នុងការរៀបចំផ្សាយផ្ទាល់ នូវកម្មវិធីនៃកិច្ចប្រជុំនេះដែល ត្រូវបានអនុញ្ញាតផ្សាយផងដែរ ។

លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចនយោបាយ និងវប្បធម៌។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ៕

To Top