ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាកាត់បន្ថយ​ ឧស្ម័នផ្ទះកញ្ចក់ ក្នុងការផលិត ថាមពលរបស់ខ្លួន

ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងការផលិត ថាមពលរបស់ខ្លួន ហើយរំពឹងថា នឹងមានការផលិតថាមពល ពីប្រភពថាមពល កកើតឡើងវិញជាច្រើន។

ក្នុងកិច្ចប្រជុំកំពូល រដ្ឋមន្ដ្រីថាមពល អាស៊ីបូព៌ា លើកទី១៥ ក្រោមប្រធានបទ «ផែការ គោលនយោបាយ បញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែង អន្ដរកាលថាមពលរបស់កម្ពុជា ឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នការបូន» នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ លោក ស៊ុយ សែម បានថ្លែងថា ក្នុងគោលដៅឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នកាបោន លោកជឿជាក់ថា មានការចាំបាច់ ក្នុងការបង្កើនល្បឿន នៃការរួមបញ្ចូលគ្នា នៃបច្ចេកវិទ្យាឌីជីថល ឥន្ធនៈស្អាត ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា ថាមពលស្អាតនានា និងការអនុម័តដាក់ឲ្យប្រើប្រាស់ ក្នុងប្រព័ន្ធថាមពលរបស់ប្រទេសនីមួយៗ ។

លោកបញ្ជាក់ថា «ជារួមកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងការផលិតថាមពលរបស់ខ្លួន ។ ដើម្បីសម្រេច បានគោលដៅនេះ យើងរំពឹងថា នឹងមានការផលិត ថាមពលពីប្រភពថាមពល កកើតឡើងវិញជាច្រើន និងគម្រោងប្រសិទ្ធិភាពថាមពលនា ពេលខាងមុខនេះ។ ពិតណាស់ វាជាឱកាសសម្រាប់ វិស័យ ឯកជន និងរដ្ឋាភិបាល ដើម្បីសហការជាមួយគ្នា ក្នុងការកៀងគរការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីសម្រេចឲ្យបាននូវ ការផ្លាស់ប្តូរមួយនេះ»។

លោករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តដល់ការវិនិយោគ លើបច្ចេកវិទ្យាថាមពលប្រកប ដោយភាពច្នៃប្រឌិត រួមមាន ៖ បច្ចេកវិទ្យាអ៊ីដូសែន, ការផ្ទុកអាគុយ ស្ដុកថាមពល និងប្រព័ន្ធអ៊ីនធឺណេតសម្រាប់គ្រប់គ្រងវិស័យ ថាមពល ជាដើម។ ដើម្បីធ្វើឲ្យប្រសើរឡើង និងមានស្វ័យប្រវត្តិកម្ម ក្នុងប្រព័ន្ធថាមពល របស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស្អាត ជាងមុន ដោយរួមទាំងការបញ្ចេញ កាកសំណល់តិចតួចបំផុត ជាមួយនឹងការធានា បាននូវភាពជឿទុកចិត្ត បាននិងមានថ្លៃសមរម្យ សម្រាប់ការផ្គត់ផ្គង់ ថាមពលជូនប្រជាពលរដ្ឋ។

លោកបន្ដថា កម្ពុជានឹងព្យាយាមទាញយក អត្ថប្រយោជន៍ពីការបង្កើតថ្មីទាំងនេះ ដើម្បីការផ្សារភ្ជាប់បណ្តាញ ថាមពលអគ្គិសនីឆ្លាតវៃ របស់កម្ពុជាជាមួយនឹង ថាមពលស្អាត និងប្រសិទ្ធភាពថាមពល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top