ភ្នំពេញ ៖ ដើម្បីរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូ ចំនួន៤០០គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈគម្រោងពង្រឹងសមត្ថភាព ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

ម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល។
ពិធីប្រគល់-ទទួលម៉ូតូ ចំនួន៤០០គ្រឿង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ធ្វើឡើង នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ក្រោមវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។

ទីភ្នាក់ងារ JICA នឹងបន្តសហការជាមួយ ក្រសួងសុខាភិបាល ដើម្បីផ្តល់នូវឧបករណ៍ និងការគាំទ្រ ផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀត ក្នុងកំឡុងពេលដ៏លំបាក នៃជំងឺរាតត្បាតនេះ។ JICA សង្ឃឹមថា ការគាំទ្រទាំងនេះ នឹងអាចជួយដល់បុគ្គលិកសុខាភិបាល ដែលបាននិងកំពុង ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									