ព័ត៌មានជាតិ

អ្នកជំនាញ៖បន្ទាប់ពីផ្លូវជាតិលេខ៤៨ សាងសង់រួចរាល់ វិស័យអចលនទ្រព្យ និង ទេសចរណ៍ នៅខេត្តកោះកុង នឹងកើនឡើង ខណៈគម្រោងនេះ ចុះហត្ថលេខា ជាផ្លូវការ

ភ្នំពេញ៖ លោក ជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ជាផ្លូវការ។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅ នៅទីស្តីការក្រសួង លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

លោក ជឹង សុខម៉េង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា “បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាជាផ្លូវការជា លើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ខេត្តកោះកុង មានសក្ដានុពល លើវិស័យអចលនទ្រព្យ និងវិស័យទេសចេណ៍ ព្រមទាំងវិស័យដឹងជញ្ជូនផងដែរ នឹងបន្តមានកំណើនកើនឡើងជាបន្តបន្ទាប់ នៅពេលដែលគម្រោងសាងសង់ជាតិលេខ៤៨ បន្ទាប់ពីធ្វើការសាងសង់រួចរាល់”។

លោកបន្តថា តាមបណ្តោយផ្លូវជាតិលេខ៤៨នេះមានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ដូចជា តំបន់សេដ្ឋកិច្ចពិសេសកោះកុង ,តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង ,តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ និងតំបន់សេដ្ឋកិច្ចពិសេសរតនា ទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។

ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណដល់ថា្នក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូន ព្រមទាំងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះផងដែរ។

សូមជម្រាបថា ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរ ភូមិន្ទ ខេត្ត កោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រមាន ចំនួន ០៤ គន្លងលើទីតាំងចំនួនបួនគឺ៖ ១). ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០) ២). ប្រវែង៣,៤ គីឡូម៉ែត្រ (គ.ម ៥៧+៧០០ – គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣). ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ – គ.ម ១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែង ប្តូរ ខ្សែផ្លូវថ្មីទី២(Realignment) និង៤). ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០ – គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុង កៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។

ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨.៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ៖ តម្លៃគម្រោងសាងសង់ចំនួន ៥៩.១៤៦.៧៤១,៥៣ ដុល្លារអាមេរិ៕

To Top