ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសកុំឲ្យប្រជាពលរដ្ឋទៅទិញប្រដាប់ធ្វើតេស្ដ រកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ព្រោះ មនុស្សខ្លះដុះអង់ទីគ័រច្រើន មនុស្សខ្លះទៀត ដុះអង់ទីគ័រតិច។
ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ប្រសើរជាងមិនចាក់វ៉ាក់សាំង។
សម្ដេចតេជោ មានប្រសាសន៍ថា «កុំទៅទិញប្រដាប់ធ្វើតេស្ដរកអង់ទីគ័រ អាហ្នឹងវាមិនឃើញទេ ហើយខ្ញុំហើយ ពេទ្យបូមឈាមខ្ញុំ យកទៅមើល ទាំងខ្ញុំ ទាំងប្រពន្ធខ្ញុំ គឺថា អាអង់ទីគ័រវាតិចបំផុត បានពេទ្យសុំឲ្យខ្ញុំចាក់វ៉ាក់សាំងឲ្យរហ័ស អាស្រ្តាហ្សេនីកា ចឹងដោយមនុស្សទេ គឺមនុស្សខ្លះមានច្រើនទៅ មនុស្សខ្លះមានតិចទៅ ប៉ុន្ដែយើងចាក់វ៉ាក់សាំងប្រសើរជាង យើងមិនចាក់»។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ដអនុវត្តវិធានការសុខាភិបាល ទោះបី ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយក៏ដោយ។ សម្ដេចថា គោលការណ៍របស់រាជរដ្ឋាភិបាល ជាទូទៅ អ្នកចាក់វ៉ាក់សាំង ដូសទី១ ដូសទី២ ហើយ គឺត្រូវដូសទី៣។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតដល់ថ្ងៃនេះសាលារៀនចំនួន២៦៤១ ហើយដែលបានបើកដំណើរការបង្រៀនឡើងវិញ នៅទូទាំងប្រទេស ដោយក្នុងនោះថ្នាក់មតេយ្យ ចំនួន៥៣ បឋមចំនួន១៥០០ អនុវិទ្យាល័យចំនួន៧១៦ និងវិទ្យាល័យចំនួន២៧២សាលា ៕