ព័ត៌មានជាតិ

ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ឆាប់ៗនេះ ដោយពលរដ្ឋមួយចំនួន មិនអនុវត្តតាមការណែនាំ

ភ្នំពេញ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសឲ្យដឹងថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំឲ្យឆ្លងដល់អ្នកដទៃ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ កញ្ញា លោកអភិបាលខេត្តសៀមរាបបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត» ។

លោកអភិបាលខេត្ត ក៏បានសំណូមពរ ឲ្យពលរដ្ឋត្រូវរៀន រស់នៅតាមបែបគន្លងថ្មី ។

លោក ទៀ សីហាបន្តថា ការការពារខ្លួនឯង គឺស្មើនឹងការពារក្រុមគ្រួសារ របស់លោកអ្នក ហើយត្រូវបន្តអនុវត្តន៍វិធានការ ៣ការពារ (ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល) និង៣កុំ (កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា) ៕

To Top