កោះកុង ៖ ដោយអនុវត្តន៍ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាព កុមារការពារជំងឺកូវិដ១៩ ដែលជាជំងឺឆ្លងសកល រដ្ឋបាលខេត្តកោះកុង ចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវិដ១៩ នាថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ ជូនដល់កុមារចាប់ពីអាយុ៦ដល់១២ឆ្នាំ ទូទាំងខេត្តកោះកុង នៅគ្រប់បណ្តាក្រុង ស្រុកទាំង៧ ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារមានការចុះពិនិត្យដោយលោក ទូ សាវុធ អភិបាលរងខេត្ត លោក ឈេង សុវណ្ណដា អភិបាលក្រុង ខេមរភូមិន្ទ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទផងដែរ ។

លោក ឈេង សុវណ្ណដា អភិបាលក្រុង បានថ្លែងឲ្យដឹងថា ក្រោយពីបងប្អូនទាំង៣ សង្កាត់ក្នុងក្រុងខេមរភូមិន្ទ បានទទួលសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត បានជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវិដ១៩ ជូនដល់កុមារចាប់ពីអាយុ ៦ឆ្នាំដល់១២ឆ្នាំទូទាំងខេត្តកោះកុង ដែលបានផ្សព្វផ្សាយរួចមក ឃើញពុកម៉ែបងប្អូន ដែលមានកូនប្រុស ស្រី ដែលមានអាយុ៦ដល់១២ឆ្នាំ បាននាំកូនមកចាក់វ៉ាក់សាំងកូវិដ១៩ ជាច្រើននាក់។
លោកអភិបាលក្រុង បានថ្លែងបន្តថា ៖លោកមានសេចក្តីសោមនោស្ស រីករាយយ៉ាងខ្លាំង ដោយមើលឃើញពុកម៉ែបងប្អូន ដែលបានដឹកដៃកូនប្រុសស្រី មកចាក់វ៉ាក់សាំងកូវិដ១៩ដោយក្តីញញឹម ។

លោកអភិបាលក្រុងបានបន្តថា សូមឲ្យប្អូនៗក្មួយៗទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការសិក្សាខិតខំបង្កើនធនធាន មនុស្សដោយខ្លួនឯង ពីព្រោះប្រទេសជាតិយើង មានសន្តិភាពពេញលេញក្រោយដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានភាព ឆ្លាតវៃ ក្នុងដឹកនាំប្រទេស ដែលធ្វើឲ្យពិភពលោក កោតសសើរ ទទួលស្គាល់ទៀតផងមិនតែប៉ុណ្ណោះសម្តេចគិតគូរ និងការពារសុវត្ថិភាព សុខភាព ជូនដល់ប្រជាជនប្អូនៗ ក្មួយៗ គ្រប់និរន្តភាពជាស្តែង សម្តេចបានផ្តល់វ៉ាក់សាំងកូវិដ១៩ ដល់កុមារចាប់ពី អាយុ៦ដល់១២ឆ្នាំទៀតផង។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តបានឲ្យដឹងថា ដោយអនុវត្តន៍ទៅតាមអនុសាសន៍ របស់សម្តេចនិងក្រសួងសុខាភិបាល ថ្ងៃនេះមន្ទីរសុខាភិបាលខេត្ត បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ដល់១២ឆ្នាំជុំទី១ ទូទាំង ខេត្តកោះកុង ដើម្បីឲ្យស្របទៅ តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ជូនឲ្យអនុវត្តន៍ ក្នុងការចាក់វ៉ាក់សាំងកូវិដ១៩នេះ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វ៉ាក់សាំងដែលក្រសួងសុខាភិបាល ផ្តល់ជូនមានចំនួន១៥៥៥៤ដូស សម្រាប់ចាក់ជូនដល់កុមារ ចាប់ពីអាយុ៦ដល់១២ឆ្នាំ ទូទាំងខេត្តកោះកុង និងដើម្បីឲ្យសិស្សឆាប់ បានចូលសិក្សាឡើងវិញ ។
លោកវេជ្ជបណ្ឌិត ក៍សូមអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋានទាំងអស់ មិនថា ក្មេងឬចាស់នោះទេ សូមចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយអនុវត្តន៍វិធានការ ៣ការពារ ៣កុំ មានអនាម័យបរិស្ថានល្អ ក្នុងការរស់នៅ មិនត្រូវជួបជុំផឹកស៊ី នៅឲ្យឆ្ងាយពីទីប្រជុំជន នៅគម្លាតពីគ្នាចាប់ពី១.៥០ម៉ែត្រ ពីគ្នានេះជាវិធានការដ៍ល្អ សម្រាប់យើង ទាំងអស់គ្នា ក្នុងការការពារកូវិដ១៩ ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ (ការពារប្រសើរជាងព្យាបាល) ៕
