ព័ត៌មានជាតិ

ប៉ូលីស ជាប់លើដំបូលរថយន្តព្រុសបង្កភ្ញាក់ផ្អើលនោះ ដើម្បីគេចពីគ្រោះថ្នាក់ប៉ុណ្ណោះ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ស្រាយបំភ្លឺឲ្យច្បាស់ថា ប៉ូលីសចរាចរណ៍ម្នាក់លោតក្រាបនៅលើរថយន្តព្រុស បង្កការភ្ញាក់ផ្អើលនោះ មូលហេតុ ដើម្បីគេចពីគ្រោះថ្នាក់ប៉ុណ្ណោះ ដោយសារម្ចាស់រថយន្តស្រវាំងភ្នែក និងងងឹតមុខ ហើយបុកជាប់នៅលើដំបូលរថយន្ត នៅកន្លែងជួយសម្រួលចរាចរណ៍ នៅម្តុំបឹងកក់ ។

ករណីនេះ កើតឡើងកាលពីម៉ោង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។ រថយន្តបង្ក ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ ប៉ូលីសរូបនោះបានលើកដៃជាសញ្ញាបញ្ជាឲ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាពអ្នកបើកបររថយន្ត Prius ។

អ្នកបើកបរមានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ ប៉ុន្តែនៅតែបន្តដំណើរយឺតៗទៅមុខដោយមិនបានឃើញសមត្ថកិច្ចឈរសម្រួលចរាចរណ៍នៅតាមដងផ្លូវឡើយ ឃើញស្ថានភាពកំពុងប្រឈមគ្រោះថ្នាក់ដូច្នេះ មន្ត្រីចរាចរណ៍រូបនោះ មិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលើរថយន្តព្រូសនោះតែម្តង ដើម្បីចៀសផុសពីការគ្រោះថ្នាក់ ។

បន្ទាប់មកទៀត ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ស៊ីផ្លេផង ទើបធ្វើឲ្យគាត់ស្វាងស្មារតីឡើងវិញ ហើយក៏បញ្ឈប់យានយន្ត ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា “ដូច្នេះប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឲ្យបានជ្រាបច្បាស់ថា ករណីដែលមានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយរូបភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវ”។

ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង (គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ ។


អ្នកបើកបររូបនោះ ក៏បានទទួលស្គាល់នូវកំហុសធ្វើកិច្ចសន្យា ហើយក៏បានថតជាវីដេអូដើម្បីបំភ្លឺអំពីដំណើររឿងនៃករណីនេះ ក៏ដូចជាការសុំទោសជាសាធារណៈចំពោះកំហុស៕

To Top