ព័ត៌មានជាតិ

ករណីលោក សេង សារី! លោក សាម អ៊ីន ថាសម្តេចតេជោ ជាថ្នាក់ដឹកនាំល្អ និងគួរឲ្យសរសើរដែលស្តាប់ ទាំងការសរសើរ និងទិតៀន

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក សាម អ៊ីន បានថ្លែងការកោត សរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ជាថ្នាក់ដឹកនាំល្អ ចំពោះករណីលោកបណ្ឌិត សេង សារី។

សម្តេចតេជោ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីការ ចាប់ខ្លួនលោកបណ្ឌិតសេង សារី បន្ទាប់ពីសម្តេចបានស្តាប់ ហេតុផលលោកបណ្ឌិត ក្នុងកិច្ចសំភាសន៍ជាមួយ សារព័ត៌មានខេមបូឌាដេលី ដែលលោកបានបកស្រាយ ពីគោលបំណងនៃ ការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អំពីគម្រោងបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី។ សម្តេចថា នេះ «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយឃើញបែបនេះ លោក សាម អ៊ីនថ្លែងក្នុងហ្វេសប៊ុក នាថ្ងៃ២០ កញ្ញា ថា “សូមអរគុណដល់នាយករដ្ឋមន្រ្តី សម្តេចហ៊ុន សែន ដែលបានស្តាប់ និងពិចារណាឡើងវិញ នូវការវិភាគរបស់លោក បណ្ឌិត សេង សារី ហើយសម្លឹងឃើញការ វិភាគក្នុងផ្លូវវិជ្ជមាន។ ការដឹកនាំល្អគួរឲ្យសរសើរ និងគោរពមិនស្តាប់តែពាក្យ ពីរោះសរសើរទេ តែក៏ស្តាប់ផងដែរ នូវការទិតៀនបែបស្ថាបនា និងការចង្អុលបង្ហាញអំពីចំណុចខ្វះខាត ដើម្បីកែលម្អការដឹកនាំ ឲ្យកាន់តែប្រសើរឡើង” ។

លោបន្តថា កម្ពុជាមានសន្តិភាពហើយ ហើយកម្ពុជាត្រូវការយកចិត្ត ទុកដាក់បន្ថែមលើការ ពង្រឹងប្រព័ន្ធយុត្តិធម៌ រៀបចំអភិបាលកិច្ចល្អ និងកសាងប្រជាធិបតេយ្យ ឲ្យរស់រវើក និងចាស់ទុំ ៕

To Top