ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ប្រទេសមហាអំណាចខ្លះ បន្តប្រើគ្រប់ល្បិចកល គំរាមកំហែង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា (Video)

ភ្នំពេញ ៖ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ដ្រនយោបាយ បង្កឡើងដោយការប្រកួតប្រជែងមហាអំណាច ជាពិសេសនោះ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត បន្តប្រើគ្រប់ល្បិចកល គំរាមកំហែង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

យោងតាមសារលិខិត ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមា ណទុកជាមុននៃស្ថានការណ៍ពិភពលោក បង្កឡើងដោយការប្រកួត ប្រជែងរវាងមហាអំណាចដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និង សេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចតេជោ បានបញ្ជាក់ថា «កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាង មហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។

សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើង ដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ បានដាក់បង្ខំមកលើកម្ពុជា។ សម្ដេចថា កម្ពុជាក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជា ទេ តែគ្រាន់តែប្រើប្រាស់សិទ្ធិអធិបេតយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមាន ជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិត ប៉ុណ្ណោះ។ នៅក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នានិងមាន ផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។

សម្ដេចតេជោ ប្រកាសជាឱឡារិក ពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយ នូវសន្តិភាព និង ស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍប្រទេសជាតិ។ សម្ដេចថា ដោយសារគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយ ដែលបាន ធ្វើប្រទេសជាតិ មានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំ អភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាព ពិភពលោក៕

To Top