ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅចំណុចផ្លូវលេខ៤ ផ្ទះលេខ៣៩(បូរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃ១៨ កញ្ញា ។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងបានចាប់យកវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៦៨.៣៩ក្រាម, សារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម, កាំភ្លើងខ្យល់ ៣ដើម និងញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមចាត់ការបន្តនីតិវិធី ៕
