ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឲ្យក្រុមដឹកជញ្ជូន ២២៣នាក់ ដឹកស្បៀងអាហារ នៅតំបន់ក្រហម

ភ្នំពេញ៖ បន្ទាប់ពីកំណត់ជា “តំបន់ក្រហម” នៅសង្កាត់ស្លក្រាម ស្វាយដង្គំ គោកចក ជ្រាវ និងភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ និង “តំបន់លឿងទុំ” នៅសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប រួចមក រដ្ឋបាលខេត្តបានរៀបចំតារាងអាជីវករលក់ស្បៀងអាហារគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះចំនួន២២៣នាក់ ក្នុងការដឹកជញ្ជូន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួល ក្នុងការដឹកជញ្ជូន ដោយឥតគិតថ្លៃ ដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុក របស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាត ឲ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារ តោះទៅលេងសៀមរាប ដែលជាក្រុមដឹកជញ្ជូនគាំទ្រ ដោយរដ្ឋបាលខេត្ត មានក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង។

ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ងាយស្រួលក្នុងបញ្ជាទិញ និងការដឹកជញ្ជូន ដល់គេហដ្ឋានផងដែរ ជៀសវាងចេញពីលំនៅដ្ឋាន ដែលធ្វើឲ្យការឆ្លងកាន់តែរាលដាលទៅៗ។

រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តបន្តទៀត ចំពោះអ្នកសេសសល់ និងមានផែនការធ្វើតេស្ត តាមរយៈពេលកំណត់ណាមួយ សម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឲ្យធ្វើតេស្ត ៧ថ្ងៃ ១០ ថ្ងៃម្តង ឬ ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេស ឬការកំណត់របស់សុខាភិបាល៕

To Top