ព័ត៌មានជាតិ

លោកកើត ឆែ ណែនាំមន្ត្រី រដ្ឋបាល រាជធានី ភ្នំពេញ ត្រូវ ពង្រឹងសមត្ថភាពការងារ ឲ្យស្របតាមបច្ចេកវិទ្យា

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីតែងតាំងមន្ត្រីរាជការ ៤រូប ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះបានណែនាំដល់ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារ ឲ្យស្របទៅតាមបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខ ក្នុងកិច្ចការងារទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

ការតែងតាំងមន្ត្រីរដ្ឋបាល រាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្រោយពី លោកជូ ម៉េងចាន់ នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទៅកាន់តំណែងថ្មី ជាអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងនោះត្រូវបានប្រកាសតែងតាំង លោក ស៊ុក សង្វាពេជ្រ មន្ត្រីឋានន្តរស័ក្តិ ថ្នាក់លេខ១ ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោកជូ ម៉េងចាន់ ដែលត្រូវទៅកាន់តំណែងថ្មី ។ លោក តុប សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជានាយករងទីចាត់ការរដ្ឋបាល ។ លោក ជីវ សារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាល និងលោក ថង វង្សសុវិឡា ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ជាអនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាល ។

ក្នុងឱកាសនោះ លោក កើត ឆែ បានមានប្រសាសន៍ថា “ការតែងតាំងមន្ត្រីនេះ គឺយើងមើលទៅលើសមត្ថភាព ការងារនិងប្រសិទ្ធភាពការងារ របស់មន្ត្រីយើង ។ ការតែងតាំងនេះធ្វើឡើង ឲ្យត្រូវតាមច្បាប់ផង និងធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពការងារផង”។

លោកកើត ឆែ ក៏បានណែនាំឲ្យមន្ត្រីទាំងអស់ ចូលរួមទប់ស្កាត់នៅជំងឺកូវីដ-១៩ ដើម្បីឲ្យរាជធានីភ្នំពេញ បានវិលទៅរកប្រក្រតីភាពឡើងវិញ ។ ត្រូវបំពេញការងារឲ្យបានម៉ឺងម៉ាត់ និងមិនត្រូវ គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន មានឆន្ទៈក្នុងការងារ ត្រូវពង្រឹងសមត្ថភាពការងារ ឲ្យស្របទៅតាមបច្ចេកវិទ្យា បច្ចុប្បន្នបច្ចុប្បន្ន ជាមួយនឹងការសាម្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទើបការងារទទួលបានជោគជ័យ៕

To Top