ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គមដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផល ល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវី-១៩ នេះយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ លោកមអគ្គនាយក ក៏បានមានប្រសាសន៍ទៀតថា ស្ថិតក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងបានគិតគូរខ្ពស់បំផុត ពីសុខុមាលភាពរបស់ មន្ត្រីរាជការ បុគ្គលិកគ្រប់ស្ថាប័នរបស់រដ្ឋ និងឯកជន រួមទាំងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅក្នុងប្រទេសទាំងមូលផងដែរ ជាមួយគ្នានឹងការដាក់ចេញ នូវផែនការយ៉ាងម៉ត់ចត់ ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈវិធានសុខាភិបាល ពិសេសឱ្យអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ជាប់ជាប្រចាំ។
ឆ្លើយតបនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងក្រើនរំលឹកណែនាំ ដល់មន្ត្រី បុគ្គលិកក្នុងស្ថាប័នក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានសុខាភិបាលជាមួយគ្នា ព្រមទាំងកិច្ចការរបស់ខ្លួន ឱ្យបានម៉ត់ចត់ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. បានទាន់ពេលវេលា បើទោះបីជាកន្លងមកនេះ មន្ត្រី និងបុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួន ទទួលបានលទ្ធផលល្អ ប្រសើរយ៉ាងណាក្តី៕