ព័ត៌មានជាតិ

ADB នឹងប្រកាស របាយការណ៍​បច្ចុប្បន្នភាព​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ២០២១ ពាក់ព័ន្ធនឹងកម្ពុជា​ នៅព្រឹកនេះ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នឹងធ្វើការប្រកាស​របាយការណ៍​ស្តីពីបច្ចុប្បន្នភាព​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ២០២១ (ADOU 2021) នាវេលាម៉ោង ៩ព្រឹក ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

កម្មវិធីនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។

ADB ក៏បានឱ្យដឹងផងដែរថា ការប្រកាសនេះ ក៏នឹងរួមបញ្ចូលការព្យាករណ៍កំណើនថ្មីៗ សម្រាប់ឆ្នាំ ២០២១ និង ២០២២ នៃសេដ្ឋកិច្ចកម្ពុជា។ វានឹងផ្តល់នូវការវិភាគ និង​ការ​យល់​ដឹងអំពីប្រទេសកម្ពុជា ចំពេលមានជំងឺរាតត្បាតកូវីដ -១៩ ។ វឌ្ឈនភាព​នៃ​ការចាក់វ៉ាក់សាំង កំពុងផ្តល់ហេតុផល សម្រាប់ក្តីសង្ឃឹម ខណៈវ៉ារ្យ៉ង់ថ្មីដែលលេចចេញ មកគឺជាបុព្វហេតុ សម្រាប់ការប្រុងប្រយ័ត្ន របាយការណ៍នេះ បង្ហាញពី​របៀបដែល​កម្លាំងទាំងនេះ និងកម្លាំងផ្សេងទៀត កំពុងជះឥទ្ធិពល ដល់ការងើបឡើងវិញ​របស់​កម្ពុជា។

សន្និសីទសារព័ត៌មាន ADOU ឆ្នាំ ២០២១ របស់កម្ពុជានឹងរួមបញ្ចូល (i) សុន្ទរកថា​ស្វាគមន៍ និងការគូសបញ្ជាក់អំពី បរិបទពិភពលោក និងតំបន់ដោយ លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេស ADB ប្រចាំកម្ពុជា (ii) បទបង្ហាញ​ខ្លីមួយ ស្តីពីបច្ចុប្បន្នភាព ចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដោយលោក David Freedman អ្នកជំនាញសេដ្ឋកិច្ចប្រចាំប្រទេសកម្ពុជា របស់ADB ផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

ADB ដាក់ការព្យាករថា សេដ្ឋកិច្ចកម្ពុជា​ នឹងងើបឡើងវិញ ​ក្នុងឆ្នាំ២០២១ ​ហើយកើនខ្ពស់​ ក្នុងឆ្នាំ២០២២

ព្រះរាជាណាចក្រកម្ពុជា (២៨ មេសា ២០២១)៖ សេដ្ឋកិច្ចប្រទេសកម្ពុជា​ ត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ​ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការ​ងើបឡើង​វិញ ​នៃសេដ្ឋកិច្ចប្រទេស ដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេស កម្ពុជា នេះបើយោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ADB លោកស្រី Sunniya Durrani-Jamal​ បានមានប្រសាសន៍ ថា​ “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាត ជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតប យ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករក កំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់ នឹងទទួលបាន ប្រយោជន៍នេះស្មើគ្នានោះទេ​ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាព គ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម​ ឱ្យបានដិត  ដល់។”

យោងតាមរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ ២០២២ ដោយសារការសងើប ឡើងវិញនៃវិស័យ កាត់ដេរសម្លៀកបំពាក់​ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផល អេឡិចត្រូនិច និងកង់។ វិស័យកសិកម្មត្រូវបានរំពឹង ថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ​ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹត បន្តឹងការធ្វើ ដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា​ វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យ​ត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់។

“ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា​ នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ​ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួម​ មានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាម សហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក​ និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។” លោកស្រី Sunniya Durrani​​ បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ។

បច្ចុប្បន្ន​ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ​ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បី  គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩ ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

To Top