ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុន យន្តហោះក្នុងស្រុក មួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរ ដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមប្រកាសបើកទេសចរណ៍ អន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។ នេះបើយោងតាមក្រសួងទេសចរណ៍។
ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូតំណាង ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ថោង ខុន បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈ ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍ សុវត្ថិភាព»។
លោករដ្ឋមន្ត្រីបានបន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍ អន្តរជាតិឡើងវិញនេះ។
លោកបានបញ្ជាក់ទៀតថា តាមគម្រោងដូចដែលសម្តេចតេជោបានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។
ដូច្នេះហើយទើប លោករដ្ឋមន្ត្រីបានគាំទ្រ ឱ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រៀមលក្ខណៈឱ្យបានស្រេចបាច់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិ មកទស្សនាកម្សាន្ត នៅកម្ពុជាឡើងវិញ។
លោក ថោង ខុន ក៏បានបញ្ជាក់អំពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ នៅលើពិភពលោករួមទាំងកម្ពុជាផង។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី៕