Covid-19

រដ្ឋមន្ដ្រីសុខាភិបាល ស្នើក្រសួងទេសចរណ៍ ត្រៀមរៀបចំនីតិវិធីអនុវត្ត នៅផ្សារទំនើប និងផ្សារសាធារណៈ ក្រោយកូវីដ ធូរស្រាល (Video)

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានស្នើឲ្យក្រសួងទេសចរណ៍ ត្រៀមរៀបចំនីតិវិធី ប្រតិបត្តិស្តង់ដារសម្រាប់ដាក់ ឲ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ដោយពិនិត្យឃើញ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិ ទាំងមូលទៅតាមគន្លងប្រក្រតីភាពថ្មី សូមក្រសួងទេសចរណ៍ ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឲ្យ អនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស»។

រដ្ឋមន្រ្តីបន្ដថា នីតិវិធីប្រតិបត្តិស្តង់ដារត្រូវផ្តោតទៅលើ ទាំងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ ទាំងការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៥,៣៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៨,១៨៦នាក់ និងអ្នកស្លាប់ ចំនួន២,១៤០នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top