ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ អ្នកវិភាគតាំងខ្លួនថា ឯករាជ្យ កុំវិភាគជោរតាម អ្នកសំភាសន៍ និងវិទ្យុបរទេស (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអ្នកវិភាគ ដែលបានតាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យ ត្រូវធ្វើការវិភាគតាមវិជ្ជាជីវៈ របស់ខ្លួនដែលបានរៀនសូត្រ ស្រាវជ្រាវមក ដោយកុំវិភាគជោរ តាមអ្នកសំភាសន៍ និងវិទ្យុបរទេសជាដើម ដើម្បីធ្វើវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានអ្នកវិភាគមួយចំនួន ត្រូវបានសារព័ត៌មាន បរទេសសំភាសន៍ ហើយយកទស្សនៈមតិ ធ្វើអធិប្បាយវាយប្រហារ និងរិះគន់រាជរដ្ឋាភិបាល ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃ២២ កញ្ញា លោក ជិន ម៉ាលីន បានលើកឡើងកត្តា៤ចំណុច ឆ្លើយតបនឹងអង្គការសង្គមស៊ីវីល មួយចំនួនដែលចោទប្រកាន់ថា រដ្ឋាភិបាល គំរាមកំហែងអ្នកវិភាគ។

ក្នុងកត្តាទាំង៤នោះ មាន១ចំណុចលោកបាននិយាយថា “កុំធ្វើជាអ្នកវិភាគជោរតាមអ្នកសម្ភាសន៍និងវិទ្យុបរទេសមួយចំនួនដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាលនិងផលប្រយោជន៍ជាតិ ព្រោះថាអ្វីដែលគេចង់បាន គឺទស្សនៈរបស់អ្នកវិភាគដែលត្រូវនឹងគោលដៅរបស់គេ ដើម្បីយកទៅអត្ថាធិប្បាយ បកស្រាយ បញ្ចេញបញ្ចូលបន្ថែម និងផ្សព្វផ្សាយដើម្បីធ្វើការវាយប្រហារ បន្តុះបង្អាប់ និងរិះគន់រដ្ឋាភិបាលឲ្យខូចឈ្មោះតែប៉ុណ្ណោះ” ។

ចំណែក៣ចំណុចទៀតនោះ លោកថា ទី១- ការវិភាគដែលចាត់ទុកថា ជាសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ ។ ២- ការវិភាគមួយចំនួននៅកម្ពុជា ដែលក្រុមរបស់គេបញ្ជោរ និងលើកជើងថា ជាអ្នកវិភាគឯករាជ្យនោះ ដោយសារតែបានរិះគន់រដ្ឋាភិបាល គឺមិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈនិងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ និងទី៣-
ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់និងរំលោភបំពានលើសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូរអ្នកដ៏ទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ។

លោកបន្តថា “ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ ហើយការវិភាគដែលបំពានច្បាប់ទាំងនេះ ក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការសម្តែងមតិ និងទស្សនៈតាមផ្លូវច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ” ។

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន២៨បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបំភិតបំភ័យលើអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា និងសំឡេងរិះគន់ផ្សេងទៀត ដោយគ្រាន់អ្នកទាំងនោះបញ្ចេញទស្សនៈនិងការយល់ឃើញសម្រាប់ផលប្រយោជន៍សាធារណៈនៅកម្ពុជា និងសូមមេត្តាគោរពសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អង្គការទាំង២៨ ចេញកាលពីថ្ងៃ២១ កញ្ញា នោះ បានឲ្យដឹងថា ការគំរាមកំហែងលើអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ដោយគ្រាន់តែអ្នកទាំងនោះប្រើប្រាស់សេរីភាពខាងការបញ្ចេញមតិស្របច្បាប់ មិនគួរត្រូវបានធ្វើឡើងតាំងពីដំបូងមកម៉្លេះ។ ការគំរាមកំហែងបែបនេះបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេរីភាពខាងការបញ្ចេញមតិ ដែលត្រូវបានការពារដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ទៅលើការវិភាគរបស់លោកបណ្ឌិត មាស នីនិង លោកបណ្ឌិត សេង សារី។

លោកបណ្ឌិត សេង សារី កាលពីថ្ងៃ១៧ កញ្ញា ត្រូវបានសម្តេចតេជោផ្ញើសារចេញពីវិមានសន្តិភាពក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ទៅកាន់រូបលោក អំពីការវិភាគរបស់ខ្លួនពាក់ព័ន្ធនឹងគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ។

លោកបណ្ឌិត សេង សារី ត្រូវបានគេដឹងថា បានបញ្ចេញយោបល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ អ្វីដែលជាចំណុចសំខាន់ គឺត្រង់លោកបានចេញមតិចំពោះគម្រោងការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ប៉ុន្តែបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្តាប់ហេតុផលលោកបណ្ឌិត ក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន ខេមបូឌាដេលី ដែលលោកបានបកស្រាយពីគោលបំណង នៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃ២១ កក្កដា ពីគម្រោងបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី ថាសមហេតុផល សម្តេចក៏បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីកាចាប់ខ្លួន ហើយកាលពីថ្ងៃ២១ កញ្ញា តុលាការក៏បានចេញដីកាជាផ្លូវការបញ្ឈប់ការចាប់ខ្លួនតែម្តង ៕

To Top