កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំយកទរយ្យទាន និងថវិកា ទៅប្រគេនព្រះសង្ឃ គង់នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្តផ្សេងទៀត បាននាំគ្នាប្រារព្ធពិធីទៅ តាមបែបផែន នៃព្រះពុទ្ធសាសនា ដោយបានវេ នូវគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ៣លាន ២សែនរៀល ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាលោកនេះ ទៅកាន់លោកខាងមុខ ។
ម៉្យាងទៀត ពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ក៏ជាឱកាសដ៏ល្អ សម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញ ទៅមក ព្រមទាំងអាចបង្កើនបាននូវ សាមគ្គីភាពដ៏ទូលំទូលាយ ៕