ព័ត៌មានជាតិ

គណៈមេធាវីកម្ពុជា នឹងចាត់ការមេធាវី ផាន់ ច័ន្ទស័ក្តិ ដែលបង្ហោះលក់​ សំឡេងឆ្នោត១សន្លឹក តម្លៃ១ពាន់ដុល្លារ

ភ្នំពេញ ៖ លោក ផាន់ ច័ន្ទស័ក្តិ ដែលជាមេធាវី កាន់អត្តលេខ២៥៣ ដែលបានបង្ហោះជាសាធារណៈ លក់សំឡេងឆ្នោត១សន្លឹក តម្លៃ១០០០ដុល្លារ គឺជាអំពើបំពាន ក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត ហើយគណៈមេធាវីកម្ពុជា នឹងចាត់ការចំពោះករណីនេះ ។

ការប្រកាសលក់សន្លឹកឆ្នោតនេះ ខណៈកំពុងដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី១០ (២០២១-២០២២)។

គណៈមេធាវីកម្ពុជា ប្រកាសថ្កោលទោស ចំពោះសកម្មភាពមិនគប្បី របស់លោកមេធាវី ផាន់ ច័ន្ទស័ក្តិ។

គណៈមេធាវីកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃ២២ កញ្ញានេះ បានឲ្យដឹងថា មេធាវី ផាន់ ច័ន្ទស័ក្តិ បង្ហោះជាសាធារណៈក្នុងគ្រុបតេឡេក្រាមឈ្មោះ “CLO-មតិមេធាវីកម្ពុជា” កាលពីថ្ងៃ១៨-១៩ កញ្ញា ថា “លក់សំឡេងឆ្នោត បោះឆ្នោតជូន១សន្លឹកសំឡេងឆ្នោត តម្លៃ១០០០ដុល្លារ” ក្នុងពេលបេក្ខជនឈរ ឈ្មោះបោះឆ្នោត កំពុងឃោសនាបោះឆ្នោត ។

គណៈមេធាវីបន្តថា អំពើនេះ ជាការបំពានលើក្រមសីលធម៌ មេធាវី និងសេចក្តីសម្រេច ស្តីពីការឃោសនា បោះឆ្នោត ជ្រើសតាំងសមាជិក ក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ (២០២១-២០២២) ក្នុងចេតនាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរបស់គណៈមេធាវី បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិក-សមាជិកាគណៈមេធាវី ។

ប្រភពបន្តថា “គណៈមេធាវីនឹងមានវិធានការ យ៉ាងតឹងរឹងចំពោះមេធាវី ផាន់ ច័ន្ទស័ក្តិ”៕

To Top